(តេហេរ៉ង់)៖ ក្រសួងមហាផ្ទៃអ៉ីរ៉ង់ទីបំផុតបានចេញសេចក្តីប្រកាសថា លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) គឺជាបេក្ខជនដែលជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៨ នៃប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។
មុនសេចក្តីប្រកាសផ្លូវការខាងលើ បេក្ខជនប្រធានាធិបតីអ៉ីរ៉ង់ដទៃទៀត សុទ្ធតែបានទទួលស្គាល់ថា លោក Raisi ជាអ្នកទទួលជ័យជម្នះរួចស្រេចទៅហើយ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីស្វែងរកអ្នកបន្តវេនពីប្រធានាធិបតីចាំផ្ទះគឺលោក ហាស្សាន់ រូហានី ដែលពុំអាចឈរឈ្មោះសម្រាប់អាណត្តិទី៣ជាប់គ្នាបាន។ ក្រោយជាប់ឆ្នោត លោក Raisi នឹងចូលស្បថកាន់តំណែងជាផ្លូវការ នៅកំលុងដើមខែសីហា ខាងមុខនេះ។
គួរបញ្ជាក់ថា លោក Ebrahim Raisi មានអាយុ៦០ឆ្នាំ បច្ចុប្បន្នជាប្រធានតុលាការអ៉ីរ៉ង់ និងជាមនុស្សជំនិតម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់លោក ខាមីណៃ។ លោក Raisi ក៏ធ្លាប់បាន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៧ផងដែរ ដោយនៅកាលណោះលោក បានបរាជ័យក្រោមដៃលោក រូហានី។ យ៉ាងណាមិញ ក្នុងការបោះឆ្នោតលើកនេះ ដោយពុំមានវត្តមានលោក រូហានី តទៅទៀត លោក Raisi ត្រូវមើលឃើញថា មានភាពលេចធ្លោជាងគេ ក្នុងបេក្ខជនប្រធានាធិបតីសរុបទាំងអស់៧រូប៕