(វៀងច័ន្ទ)៖ ប្រទេសឡាវបានប្រកាសនៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះថា ខ្លួនបានសម្រេចបន្តការបិទខ្ទប់ប្រទេស បន្ថែមរយៈពេល ១៥ថ្ងៃទៀត ខណៈករណីឆ្លង COVID-19 ក្នុងរដ្ឋធានីវៀងច័ន្ទ នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានប្រកាសថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តបិទខ្ទប់ប្រទេសដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានធ្វើឡើងដោយយោងទៅលើស្ថានការណ៍ នៃការឆ្លងរាតត្បាត COVID-19 នៅប្រទេសជិតខាង និងនៅក្នុងរដ្ឋធានីវៀងច័ន្ទរបស់ខ្លួនផ្ទាល់ ខណៈនៅថ្ងៃសៅរ៍នេះ គឺជាថ្ងៃដែលការពន្យារពេលបិទប្រទេសលើកមុន ត្រូវអស់សុពលភាព។
គួរបញ្ជាក់ថា ផ្សារទំនើប ហាងលក់់ទំនិញ មីនីម៉ាត និងផ្សារលក់ទំនិញរហ័សនានា នៅតែអាចដំណើរការដដែល ប៉ុន្តែត្រូវតែអនុវត្តឲ្យបាននូវវិធានការសុវត្ថិភាព ដាក់ចេញដោយអាជ្ញាធរសុខាភិបាល។ ដោយឡែកការធ្វើដំណើរតាមផ្លូវគោក និងអាកាសរវាងទីក្រុងវៀងច័ន្ទ និងខេត្តនានា អាចធ្វើទៅបានសម្រាប់អ្នកទាំងឡាយណា ដែលបានចាក់់វ៉ាក់សាំង ០២ដូសរួចរាល់ ហើយពួកគេមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនោះឡើយ។
គិតត្រឹមថ្ងៃសៅរ៍នេះ ឡាវមានអ្នកឆ្លង COVID-19 សរុប ២,០៥០ករណី ក្នុងនោះអ្នកជំងឺម្នាក់ស្លាប់ និងជាសះស្បើយឡើងវិញ ១,៩៣៥នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឡាវសម្រេចបាន ១.១៣លានដូស ក្នុងនោះប្រជាជនជិត ៧២០,០០០នាក់ (១០% នៃប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ០១ដូស និងជិត ៤១៥,០០០នាក់ (៥.៨% នៃប្រជាជនសរុប) បានចាក់គ្រប់ដូស៕