Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៣,៦០០នាក់ និងអ្នកជំងឺ ៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ​​​​(Video inside)

19-06-2021 16:40

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៦៦៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៣២ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៣,២៣២ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៤៣៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,៩៤៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២១៤,៤៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៦០៩នាក់ និងអ្នកជាសះស្បើយ ១៨១,៣៥៨នាក់៕