(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបជាលើកដំបូងរបស់លោក បៃដិន ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីលោកបានឡើងកាន់មុខតំណែង លោកបានចូលរួមសកម្មភាពជាច្រើន ដូចជាកិច្ចប្រជុំកំពូលប្រទេស G7 កិច្ចប្រជុំកំពូលអង្គការណាតូ និងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអឺរ៉ុប លោក បៃដិន ប៉ុនប៉ងបង្កើតអ្វីដែលហៅថា «សហព័ន្ធទស្សនៈតម្លៃ» ដើម្បីរួមគ្នាតតាំងគ្នាជាមួយនឹងប្រទេសចិន។
ប៉ុន្តែក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំកំពូលប្រទេស G7 លោកស្រី Merkel អធិការបតីអាល្លឺម៉ង់ បានថ្លែងទៅកាន់មជ្ឈដ្ឋានខាងក្រៅថា លើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងជីវចម្រុះគ្រប់ប្រភេទ «បើសិនជាគ្មានវត្តមានរបស់ប្រទេសចិន នោះយើងនឹងមិនអាចរកបានគំរោងដោះស្រាយជារៀងរហូត»។ ជាងនេះទៅទៀត លោក Macron ប្រធានាធិបតីបារាំង បាននិយាយត្រង់ៗថា ប្រទេស G7 មិនមែនជា «ខ្លឹបអរិភាពចំពោះប្រទេសចិន» នោះទេ។
បច្ចុប្បន្ននេះ ពិតមែនតែអាមេរិកនិងអឺរ៉ុបនៅតែជា សម័្ពន្ធមិត្តលើវិស័យសន្តិសុខក៏ដោយ ក៏ប៉ុន្តែភាគីទាំងពីរមានការខ្វែងគំនិតជាច្រើន បានជាបណ្តាលឱ្យ «ទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហិ្វក» មើលទៅល្អ តែតាមការពិតមានភាពបែកបាក់គ្នារួចទៅហើយ។
ជាបឋម ទិសដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងអឺរ៉ុបខុសគ្នា។ អាមេរិកគិតចង់បង្កើតជា «រង្វង់មិត្តភក្តិតូចមួយ» លើមូលដ្ឋានទស្សនៈមនោគមវិជ្ជា ក្នុងន័យរួមសហការជាមួយប្រទេសG7 ដើម្បីតតាំងគ្នាជាមួយប្រទេសចិន ក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា។ ប៉ុន្តែមិនបាច់សង្ស័យឡើយ ប្រការនេះ គឺចង់ឱ្យអឺរ៉ុបជំនួសឱ្យអាមេរិកធ្វើការតតាំងជាមួយប្រទេសចិន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អឺរ៉ុប វាបានល្មើសនឹងគោលបំណងជាយុទ្ធសាស្ត្រដោយម្ចាស់ការរបស់អឺរ៉ុប និងតម្រូវការនិងសំណូមពររបស់អឺរ៉ុប ដែលចង់ធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន។
បន្ទាប់មក ផលប្រយោជន៍ជាមូលដ្ឋានរបស់អាមេរិកនិងអឺរ៉ុបខុសគ្នា។ នាពេលថ្មីៗកន្លងទៅនេះ កាសែត «Les Échos» របស់ប្រទេសបារាំងបានចុះផ្សាយអត្ថបទវែកញែកថា អឺរ៉ុបមិនគួរតែផ្តល់ការគាំទ្រដល់សកម្មភាពប្រឆាំងក្រុងប៉េកាំង ពីព្រោះកាលពីឆ្នាំទៅ ក្រុងប៉េកាំងក៏បានវ៉ាហួសក្រុងវ៉ាស៊ីនតោន ដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អឺរ៉ុបរួចហើយ ព្រមពេលជាមួយគ្នានេះដែរ តួនាទីរបស់ក្រុងប៉េកាំងក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គឺមិនអាចជំនួសបានទេ។
ក្រៅពីនេះ ទំនុកចិត្តរបស់អឺរ៉ុបចំពោះអាមេរិកក៏ត្រូវបានកាត់បន្ថយផងដែរ ប្រការនេះធ្វើឱ្យអឺរ៉ុបលែងធ្វើតាម បទបញ្ជារបស់អាមេរិកទៀតហើយ។ ចាប់ពីជម្លោះរវាងក្រុមហ៊ុនប៊ូអីងនិងក្រុមហ៊ុន Airbus ដល់ការខ្វែងគំនិត ក្នុងការសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 រហូតដល់ការប្រកួតលើពន្ធដារឌីជីថល ទំនាស់រវាងអាមេរិកនិងអឺរ៉ុបកើតឡើងជាបន្តបន្ទាប់។ ជាងនេះទៅទៀត នាពេលថ្មីៗកន្លងទៅនេះ រឿងអាស្រូវរបស់អាមេរិកស្តីពីការលួចស្តាប់អ្នកដឹកនាំអឺរ៉ុប ក្នុងរយៈពេលយូរត្រូវបានបែកទម្លាយ នេះបានកាត់បន្ថយទំនុកចិត្តរបស់អឺរ៉ុប ចំពោះអាមេរិកថែមមួយកម្រិតទៀត។
លោក បៃដិន រំពឹងទុកចាប់ដៃជាមួយអឺរ៉ុប រួមគ្នាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ប៉ុន្តែយុទ្ធសាស្ត្រសំខាន់ និងផលប្រយោជន៍អភិវឌ្ឍន៍របស់អឺរ៉ុប គឺខុសគ្នានឹងអាមេរិកនោះឡើយ។ ជាងនេះទៅទៀត ក្នុងបរិបទពហុប៉ូលភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ននេះ ការបង្កើត «រង្វង់មិត្តភក្តិតូច» និងក្រុមនយោបាយលើមូលដ្ឋានទស្សនៈមនោគមវិជ្ជា វាបានល្មើសនឹងចរន្តយុគសម័យ។ នេះគឺមានន័យថា មិនថាអាមេរិកនិងអឺរ៉ុបបានស្រែកពាក្យស្លោក «សហព័ន្ធទស្សនៈតម្លៃ» ឱ្យលាន់ឮមិនដាច់ក៏ដោយ ក៏វាគ្រាន់តែជាការលេងល្បែងនយោបាយ និងការបំភិតបំភ័យតាមតែមាត់ប៉ុណ្ណោះទេ៕