(ញូយ៉ក)៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឲ្យបញ្ឈប់លំហូរអាវុធ ចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងទទូចឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយដោះលែងអ្នកនយោបាយដែលជាប់ឃុំ រួមទាំងលោកស្រី អោង សាន ស៊ូ ជី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។
មហាសន្និបាត UN បានអនុម័តសេចក្តីសម្រេចខាងលើ ដោយមានការគាំទ្រពីប្រទេសចំនួន ១១៩។ បេឡារុសគឺជាអ្នកដែលបានទាមទារ ឲ្យមានការបោះឆ្នោតជាមុនលើសេចក្តីសម្រេចនេះ ហើយក៏ជាប្រទេសតែមួយគត់ ដែលបានបោះឆ្នោតជំទាស់ផងដែរ។ ប្រទេសចំនួន ៣៦ ក្នុងនោះរួមមានចិន និងរុស្ស៉ីបានធ្វើអនុប្បវាទ ខណៈសមាជិក ៣៧ ទៀតបានសម្រេចចិត្តមិនបោះឆ្នោត។
សេចក្តីព្រាងដំបូងរបស់ UN បានបញ្ចូលសម្តីធ្ងន់ៗ នោះគឺបានអំពាវនាវឲ្យមាន ការដាក់ទណ្ឌកម្មសព្វាវុធលើមីយ៉ាន់ម៉ា ប៉ុន្តែយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រទេសចំនួន ០៩នៅអាស៉ីអាគ្នេយ៍ បានសំណូមពរឲ្យលុបចោល ការប្រើសម្តីធ្ងន់ៗបែបនេះចេញវិញ។ ដូច្នេះនៅក្នុងសេចក្តីសម្រេចខាងលើ ដែលត្រូវបានអនុម័ត UN បានត្រឹមអំពាវនាវឲ្យរដ្ឋជាសមាជិក ទប់ស្កាត់លំហូរអាវុធចូលទៅកាន់មីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់មហាសន្និបាត UN ពុំមែនជាកាតព្វកិច្ច ដែលរដ្ឋជាសមាជិកត្រូវតែអនុវត្តតាមដាច់ខាតឡើយ ប៉ុន្តែវាមានទម្ងន់ផ្នែកនយោបាយ ដែលបង្ហាញអំពីជំហររបស់ប្រទេសនីមួយ ក្នុងការដោះស្រាយបញ្ហាសកលជារួម។ ផ្ទុយពីក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកតែ ១៥ប្រទេស នៅក្នុងមហាសន្និបាត UN វិញ គ្មានប្រទេសណាមួយមានសិទ្ធិវ៉េតូ ដើម្បីបង្អាក់សេចក្តីសម្រេចនោះទេ៕