(ហ្សឺណែវ)៖ ប្រធានផ្នែកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភពលោក (WHO) លោក សួមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានប្រកាសថា ពេលនេះវីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta ជាវីរុសមានប្រភពដើមនៅឥណ្ឌា) កំពុងក្លាយជាវីរុសរាតត្បាត នៅពាសពេញពិភពលោកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។
ប្រធានផ្នែកវិទ្យាសាស្ត្រ WHO បានលើកឡើងយ៉ាងដូច្នេះថា «វីរុស COVID-19 បម្លែងថ្មី Delta គឺកំពុងរីកសាយភាយយ៉ាងឆាប់រហ័ស នៅក្នុងដំណើរទៅរកការរាត្បាត ពាសពេញពិភពលោកតែម្តង ក៏ព្រោះតែការបង្កើនសមត្ថភាពនៃការឆ្លងរបស់វីរុសប្រភេទនេះ»។ គិតត្រឹមពេលនេះដែរ វីរុស COVID-19 បម្លែងថ្មីចំនួន ១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក។
លោកស្រី Soumya Swaminathan ក៏បានសម្តែងការសោកស្តាយផងដែរ ចំពោះលទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំង ឃ្យួរវ៉ាក់ (CureVac) របស់ប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ដែលមិនអាចបំពេញទៅតាមកម្រិតស្តង់ដារប្រសិទ្ធភាព ដែល WHO ត្រូវការ។ បេក្ខភាពវ៉ាក់សាំង CureVac បានបង្ហាញប្រសិទ្ធភាពតែ ៤៧% ប៉ុណ្ណោះ យោងតាមលទ្ធផលនៃការធ្វើតេស្តចុងក្រោយ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ីផងដែរ សុទ្ធតែបានរាយការណ៍អំពីការកើនឡើង នៃករណីឆ្លងវីរុសបម្លែងថ្មី Delta មានប្រភពដើមពីឥណ្ឌា បើទោះបីជាការចាក់វ៉ាក់សាំង បានសម្រេចក្នុងកម្រិតខ្ពស់ក្តី។ ប្រទេសទាំងឡាយនេះ កំពុងព្រួយបារម្ភចំពោះការផ្ទុះករណីឆ្លង COVID-19 រលកទី ៣ ដែលអាចនឹងមានសភាពធ្ងន់ធ្ងរខ្លាំងជាងពេលណាៗទាំងអស់៕