(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន គ្រោងនឹងចំណាយថវិកាចំនួន ៣.២ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតថ្នាំគ្រាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងវីរុសដទៃទៀតដែលអាចក្លាយទៅជារោគរាតត្បាតថ្មីនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Wall Street Journal នៅយប់ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។
វេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញកំពូល នៃជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានប្រកាសពីការវិនិយោគនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅឯសេតវិមាន។ ការវិនិយោគនេះគឺជាផ្នែកមួយ នៃកម្មវិធីប្រឆាំងវីរុសរាតត្បាតថ្មី ដែលនឹងអភិវឌ្ឍថ្នាំគ្រាប់ដើម្បីព្យាបាលជំងឺ ដែលបង្កឡើងដោយវីរុសគ្រោះថ្នាក់ដូចជាវីរុសកូរ៉ូណានាពេលបច្ចុប្បន្ន។
វេជ្ជបណ្ឌិត Anthony Fauci បានមានប្រសាសន៍ដូច្នេះថា «ថ្នាំប្រឆាំងវីរុសថ្មីដែលបង្កាកុំឲ្យឈឺធ្ងន់ធ្ងរ និងស្លាប់ដោយសារកូវីដ១៩ ជាពិសេសថ្នាំលេបដែលអាចប្រើនៅផ្ទះបាននៅដំណាក់កាលដំបូង នៃជំងឺ អាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាសង្គ្រោះអាយុជីវិតមនុស្ស»។
គម្រោងដែលត្រូវបានគេស្គាល់ថា «កម្មវិធីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាត» ក៏នឹងបង្កើតវេទិកាប្រកបដោយនិរន្តរភាព សម្រាប់ការស្វែងរកឃើញវិទ្យាសាស្ត្រ និងការអភិវឌ្ឍនៃថ្នាំប្រឆាំងវីរុសដ៏ទៃទៀតដែលមានសក្តានុពលរាតត្បាតផងដែរ៕