(តែលអាវីល)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វាតាលី ប៊ិនណេត (Naftali Bennett) បានឱ្យដឹងថា អ៉ីស្រាអែលនឹងផ្ដល់វ៉ាក់សាំង COVID-19 ផលិតដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ចំនួន ០១លានដូសដល់ដែនដីប៉ាឡេស្ទីន (PA) មុននឹងវ៉ាក់សាំងទាំងនេះផុតសុពលភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលអ៉ីស្រាអែល ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលបានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរប៉ាឡេស្ទីន ដោយនឹងផ្គត់ផ្គង់វ៉ាក់សាំង Pfizer ចំនួន១លានដូស មុននឹងវ៉ាក់សាំងទាំងនេះផុតសុពលភាព ហើយជាថ្នូរមកវិញ អ៉ីស្រាអែលនឹងទទួលបានវ៉ាក់សាំងចំនួនដូចគ្នានេះ ដែលដំបូងក្រុមហ៊ុន Pfizer គ្រោងនឹងបញ្ជូនឱ្យអាជ្ញាធរប៉ាឡេស្ទីន នៅក្នុងឆ្នាំ២០២១នេះ»។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានបើកប្រទេសឡើងវិញហើយ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយប្រជាជនពេញវ័យ ៨៥ភាគរយ បានទទួលការចាក់វ៉ាក់សាំង។ នៅក្នុងសប្ដាហ៍នេះអ៉ីស្រាអែលក៏បានចេញបញ្ជា លុបចោលវិធានការពាក់ម៉ាស នៅតាមទីសាធារណៈផងដែរ ក៏ប៉ុន្តែប្រទេសមួយនេះ កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ដោយសារតែមិនព្រមចែករំលែកវ៉ាក់សាំង ដល់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ វែសត៍ ប៊ែង (West Bank) និងតំបន់ ហ្គាហ្សា (Gaza)៕