(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមិថុនា វិទ្យាស្ថានស្រាវជ្រាវសិទ្ធិមនុស្សនៃសកលវិទ្យាល័យច្បាប់ភាគនិរតីចិន បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវអំពីការបង្កបង្កើន ផលកប្បាសនៅតំបន់ស៊ីនជាំង ហើយបានបង្ហាញថាការបង្កបង្កើនផលកប្បាសតាមបែបយន្តូបនីយកម្មបានក្លាយជានិន្នាការទូទៅនៅតំបន់ខាងត្បូងនៃស៊ីនជាំងទៅហើយ។
ចាប់ពីខែមីនាមក អ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធបានចុះទៅធ្វើការសិក្សាស្រាវជ្រាវនៅតំបន់ អាក់ស៊ូ តំបន់ហ្គាហ្ស៊ី និងហឺធានជាដើមដែលជាតំបន់បង្កបង្កើនផលកប្បាសសំខាន់ ហើយបានរកឃើញថានៅតំបន់ជាច្រើននៃភូមិភាគស៊ីនជាំង ការបង្កបង្កើនផលកប្បាសបានធ្វើយន្តូបនីយកម្មទាំងស្រុង។ ក្នុងនោះការបេះកប្បាសដោយម៉ាស៊ីនបានក្លាយជា និន្នាការទូទៅ។ នៅឆ្នាំ២០២០ នៅតំបន់អាក់ស៊ូ ទំហំដីដែលបេះកប្បាសដោយម៉ាស៊ីនត្រូវជា ៧១.៣ភាគរយនៃទំហំដី សរុបនៃការដាំកប្បាស រីឯនៅស្រុកយាភូហ៊ូ តំបន់ហ្គាហ្ស៊ី នៅឆ្នាំ២០២០ ទំហំដីដែលបេះកប្បាសដោយម៉ាស៊ីនគឺលើសពី៥០ភាគរយនៃទំហំដីសរុបដែលដាំកប្បាស។
ក្រៅពីនេះ អ្នកសិក្សាស្រាវជ្រាវបានរកឃើញទៀតថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតំបន់នានានៃភូមិភាគស៊ីនជាំងបានបង្កើត សហករណ៍កប្បាសព្រមៗគ្នា ប្រការនេះបានលើកកម្ពស់កម្រិតការចាត់ចែង និងទ្រង់ទ្រាយនៃការដាំដំណាំកប្បាស។ ជាងនេះទៅទៀត មានសហគ្រាស កាន់តែច្រើនឡើងៗបានផ្តល់សេវាកម្មគ្រប់បែបយ៉ាងដល់ការបង្កបង្កើនផល កប្បាស ដូចជាជួយភ្ជួររាស់ដី សាបព្រោះ ដាំដុះ ផ្តល់ការថែទាំ និងជួយបេះកប្បាសជាដើមក្នុងន័យលើកកម្ពស់កម្រិតឯកទេសក្នុងការដាំដុះ ព្រមពេលជាមួយគ្នានេះ ក៏បានកាត់បន្ថយដើមទុន ក្នុងការបង្កបង្កើនផលកប្បាស និងលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពផងដែរ។
ក្រៅពីនេះ រដ្ឋបាលតំបន់បានបន្ថែមប្រាក់ឧបត្ថម្ភកធនដល់ការបេះកប្បាសតាមបែបយន្តូបនីយកម្មទៀតផង។ កក្តាទាំងនេះធ្វើឱ្យការបង្កបង្កើនផលកប្បាសតាមបែបយន្តូបនីយកម្ម នៃតំបន់ស៊ីនជាំងស្ថិតនៅជួរមុខនៅទូទាំងប្រទេសចិន អត្រាយន្តូនីយកម្មក៏ត្រូវលើកកម្ពស់យ៉ាងខ្លាំងផងដែរ៕