(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឲ្យមានការបន្ធូរបន្ថយបំណុលបន្ថែមទៀត សម្រាប់បណ្តាប្រទេសមានចំណូលមធ្យម ដើម្បីជួយសម្រួលពួកគេ ក្នុងការងើបឡើងវិញពីវិបត្តិជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។
កំលុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៃមហាសន្និបាត UN ស្តីពីប្រទេសចំណូលមធ្យម លោក Guterres បានលើកឡើងពីតម្រូវការផ្នែកហិរញ្ញវត្ថុ ដើម្បីជួយក្រុមប្រទេសមួយនេះ ដែលស្មើនឹងជាងពាក់កណ្តាលនៃរដ្ឋទាំង ១៩៣ ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ អាចក្រោកឈរឡើងវិញ នៅចំពោះមុខវិបត្តិជំងឺរាតត្បាតសកល។
បើតាមលោក Guterres បណ្តាប្រទេសមានចំណូលមធ្យម គួរតែទទួលបានការផ្អាកបំណុលរបស់ពួកគេ រហូតដល់ឆ្នាំ២០២២ ដើម្បីទុកពេលឲ្យប្រទេសទាំងនេះ ដោះស្រាយផលប៉ះពាល់ផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលបង្កឡើងដោយ COVID-19។ មុនពេល COVID-19 ផ្ទុះឡើង ប្រទេសជាច្រើនបានកំពុងប្រឈម ការកើនឡើងបំណុលរួចស្រេចទៅហើយ ដែលប្រការនេះធ្វើឲ្យស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺនថែមទៀត។
គួរបញ្ជាក់ថា កន្លងទៅលោកប្រមុខអង្គការសហប្រជាជាតិ ក៏បានបើកកិច្ចប្រជុំជាមួយបណ្តាមេដឹកនាំពិភពលោក សំដៅជំរុញការគាំទ្រឲ្យមានចំណាត់ការទប់ស្កាត់វិបត្តិបំណុល នៅតាមប្រទេសកំពុងអភិវឌ្ឍផងដែរ៕