(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha), ជំនួយការជិតស្និទ្ធរបស់លោក និងមន្រ្តីរដ្ឋាភិបាលថៃដទៃទៀត បានទទួលការធ្វើតេស្តរកជំងឺ COVID-19 នៅថ្ងៃសុក្រនេះ បន្ទាប់ពីអ្នកបម្រើមា្នក់នៅសាលគណៈរដ្ឋមន្រ្តី បានធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។
ស្ត្រីរូបនេះ បានបម្រើការជូនសមាជិកសភានៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ក្នុងអំឡុងពេលពួកគេកំពុងពិចារណា លើថវិកាជាតិឆ្នាំ២០២២ ហើយបន្ទាប់មកម្តងទៀតនៅថ្ងៃទី០៩ ខែមិថុនា ក្នុងអំឡុងពេលពួកគេកំពុងពិចារណាលើក្រឹត្យប្រាក់កម្ចីទំហំ ៥០០ពាន់លានបាត។ លោក ប្រាយុទ្ធ ក៏ដូចជាជំនួយការនិងក្រុមមន្រ្តីរដ្ឋាភិបាល ក៏បានធ្វើតេស្តរកជំងឺនេះ ហើយលទ្ធផលចេញមក គឺអវិជ្ជមានទាំងអស់។
គួរបញ្ជាក់ថា ទោះបីជាលោកនាយករដ្ឋមន្រ្តីថៃ បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក៏ដោយ ក៏លោកនៅតែចូលរួមក្នុងកិច្ចប្រជុំប្រចាំថ្ងៃ ជាមួយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) តាមរយៈការធ្វើសន្និសីទវីដេអូ៕