(ប៉េកាំង)៖ នៅវេលាម៉ោង៩ ថ្ងៃទី១៧ ខែមិថុនា យានអវកាស Shenzhou-១២ ដែលមានផ្ទុកអវកាសយានិកចិនចំនួន៣រូប ត្រូវបានបាញ់បង្ហោះទៅកាន់លំហអវកាស ដោយជោគជ័យ បន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសចិនបានទទួលអវកាសយានិកដំបូងបង្អស់។ ទាក់ទិននឹងរឿងនេះ ប្រព័ន្ធសារព័ត៌មាននៃប្រទេសជាច្រើន បាននាំគ្នាផ្សាយព័ត៌មាននិងបទវិភាគ ដោយសម្គាល់ឃើញថា នេះជា «ភារកិច្ចជាប្រវតិ្តសាស្ត្រ» «ហើយបានបញ្ជាក់ម្តងទៀតនូវជំនឿចិត្តនិងសមត្ថភាព របស់ប្រទេសចិនលើវិស័យអវកាសដែលមានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។
ការហោះហើរលើកនេះ គឺជាការងារដ៏សំខាន់មួយចំណែកក្នុងភារកិច្ចទូទៅសម្រាប់កសាងស្ថានីយអវកាសចិន ដើម្បីធ្វើពិសោធន៍និងបញ្ជាក់ពីបច្ចេកទេសគន្លឹះ ក្នុងការកសាងនិងដំណើរការស្ថានីយអវកាស ដូចជាឱ្យអវកាសយានិកស្នាក់នៅក្នុងស្ថានីយអវកាសក្នុងរយៈពេលយូរ ការងារផ្គត់ផ្គង់សម្ភារៈដល់ស្ថានីយអវកាស ការធ្វើសកម្មភាពនៅក្រៅបន្ទប់និងការអនុវត្តភារកិច្ចនៅក្រៅបន្ទប់ជាដើម គោលដៅរបស់អវកាសយានិករបស់ប្រទេសចិន គឺ «រៀបចំ និងកសាងផ្ទះស្នាក់នៅថ្មីរបស់ពួកគេនៅអវកាសឱ្យបានល្អ»។
ការសម្រេចបាននូវភារកិច្ចទាំងនេះនឹងតាំងមូលដ្ឋានហើយនឹងសន្សំនូវបទពិសោធន៍សម្រាប់ការកសាង ការប្រើប្រាស់និងការអភិវឌ្ឍស្ថានីយអវកាសនៅពេលខាងមុខ។ អនុលោមតាមផែនការអភិវឌ្ឍន៍ ប្រទេសចិននឹងសម្រេចបាននូវកិច្ចកសាងស្ថានីយអវកាសក្នុងគន្លងតារាវិថីនៅឆ្នាំ២០២២ ដើម្បីបង្កើតបន្ទប់ពិសោធន៍អវកាសជាតិ។ បន្ទាប់មក ស្ថានីយអវកាសនឹងឈានចូលដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍។ ដូចនេះ ការបាញ់បង្ហោះយានអវកាស Shenzhou-១២ លើកនេះអាចត្រូវកត់ត្រា ក្នុងប្រវត្តិសាស្ត្រអវកាសរបស់ចិន រហូតដល់ពិភពលោកផងដែរ។
ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រទេសចិនបានធ្វើការងារត្រៀមរៀបចំខាងបច្ចេកទេសយ៉ាងពេញទំហឹងនិងប្រកបដោយសុទ្ធចិត្ត។ ឧទាហរណ៍ដូចជា ទូម៉ាស៊ីន ក្នុងបន្ទប់ស្នូលនិងបន្ទប់ធ្វើពិសោធន៍នៃស្ថានីយអវកាសសុទ្ធតែមានបំពាក់តំណភ្ជាប់តាមស្តង់ដារដែលមានលក្ខខណ្ឌដ៏គ្រប់គ្រាន់សម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការធ្វើពិសោធន៍វិទ្យាសាស្ត្រគ្រប់បែបយ៉ាង។ បច្ចុប្បន្ននេះ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយនាយកដ្ឋានអវកាសនៃអង្គការសហប្រជាជាតិ ហើយបានរួមគ្នាជ្រើសរើសកម្មវិធីសហប្រតិបតិ្តការធ្វើពិសោធន៍ចំនួន៩ ជាមួយប្រទេសចំនួន១៧ បន្ទាប់មក ក៏នឹងចេញផ្សាយសេចក្តីប្រកាសស្តីពី កិច្ចសហប្រតិបតិ្តការជុំទីពីរផងដែរ។
វិធានការទាំងនេះត្រូវបានចាត់ប្រើគឺដើម្បីសម្រេចគោលបំណងមួយ ពោលគឺកសាងស្ថានីយអវកាសចិនឱ្យក្លាយជាបន្ទប់ពិសោធន៍អវកាសមួយ ដែលអាចផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់មនុស្សជាតិ ក្នុងន័យជំរុញការច្នៃប្រឌិតថ្មីនៃអវកាសវិទ្យានិងជីវៈវិទ្យា ក៏ដូចជាជំរុញការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាលើវិស័យពាក់ព័ន្ធផ្សេងទៀតផងដែរ ដើម្បីរួមចំណែករបស់ប្រទេសចិនសម្រាប់ឱ្យមនុស្សជាតិស្វែងយល់ពី អាថ៌កំបាំងរបស់ចក្រវាល និងប្រើប្រាស់អវកាសដោយសន្តិវិធី។
អាចប៉ាន់ប្រមាណថា នៅពេលអនាគតមិនជាយូរប៉ុន្មាន អ្នកផងទាំងពួងក៏អាចឃើញនូវការដែលអវកាសយានិកចិននិងបរទេសរួមគ្នាចូលរួមការហោះហើរទៅកាន់ ស្ថានីយអវកាសចិន។ តើផ្ទះស្នាក់នៅថ្មីនៅអវកាសរបស់ចិននឹងនាំមកនូវអ្វីខ្លះដល់ពិភពលោក? ការអនុវត្តជាក់ស្តែងគឺជាចម្លើយដ៏ល្អបំផុត៕