(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីតួកគី លោក រីស៊ីប តាយយ៉ីប អឺដូហ្គាន់ (Recep Tayyip Erdogan) កាលពីដើមសប្ដាហ៍នេះ បានឯកភាពគ្នាថា តួកគីនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានាសន្តិសុខអាកាសយានដ្ឋានទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែ ភាគីទាំង២នៅតែមាន ការខ្វែងគំនិតគ្នាជុំវិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលតួកគីទិញពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។
លោក ចូ បៃដិន និងលោក អឺដូហ្គាន់ បានជួបពិភាក្សាគ្នាកំឡុងកិច្ចប្រជុំកំពូលអង្គការ NATO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលលីវែន (Jake Sullivan) បានប្រាប់អ្នកសារព័ត៌មានថាមេដឹកនាំទាំង២ បានពិភាក្សាគ្នាលម្អិតពីតួនាទីរបស់តួកគីក្នុងការការពារអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នៅបន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។
លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា៖ «មានការប្ដេជ្ញាចិត្តយ៉ាងច្បាស់ពីមេដឹកនាំទំាង២ នោះគឺតួកគីនឹងធានាការពារអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ...ហើយសហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រដល់តួកគីដើម្បីបំពេញភារកិច្ចនេះ»។ ក៏ប៉ុន្តែ បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ លោក បៃដិន និងលោក Erdogan នៅតែខ្វែងគំនិតគ្នាលើការទិញប្រព័ន្ធមីស៊ីល S-400 របស់តួកគីពីរុស្ស៊ី។
គួរបញ្ជាក់ថា តួកគី និងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងលើប្រព័ន្ធមីស៊ីល S-400 ក្នុងទំហំទឹកប្រាក់ ២.៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ ហើយទីក្រុងម៉ូស្គូ បានប្រគល់ឱ្យតួកគីនៅឆ្នាំ២០១៩។ តួកគីគឺជាសមាជិកអង្គការ NATO ដូច្នេះហើយទើបសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបជាសមាជិកបក្សសម្ពន្ធយោធាមួយនេះ មួយចំនួនធំជំទាស់ ដោយអះអាងថាប្រព័ន្ធមីស៊ីលរុស្ស៊ីគំរាមកំហែងដល់សន្តិសុខអឺរ៉ុប៕