(វ៉ាស៊ីនតោន)៖ ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក កំពុងសម្លឹងមើលលើកញ្ចប់ថវិកាដ៏ធំ ៦ទ្រីលានដុល្លារសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធ, ថែទាំវេជ្ជសាស្ត្រ និងអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។
ព័ត៌មានស្ដីពីកញ្ចប់ថវិកាខាងលើត្រូវបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដោយមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះឱ្យដឹងទៀតថា ទឹកប្រាក់ពាក់កណ្ដាលនៃកញ្ចប់ថវិកា ៦ទ្រីលានដុល្លារ ត្រូវបានគេរំពឹងថានឹងប្រមូលពីគោលនយោបាយពន្ធថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន លើក្រុមហ៊ុនអាមេរិក និងប្រជាជនអាមេរិកដែលរកចំណូលបានច្រើនជាង ៤០០,០០០ដុល្លារ។
ជុំវិញកញ្ចប់ថវិកានេះដែរ សមាជិកព្រឹទ្ធសភាលោក Bernie Sanders ជាប្រធានគណៈកម្មាធិការកញ្ចប់ថវិកានៃព្រឹទ្ធសភាអាមេរិកក៏បានទទួលស្គាល់ពីផែនការ កញ្ចប់ថវិកាដ៏ធំសម្បើមខាងលើដែរ។ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕