(ឡង់ដ៍)៖ អាជ្ញាធរសុខាភិបាលអង់គ្លេសបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន១១,០០៧ករណី និងមានអ្នកស្លាប់ចំនួន ១៩នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
ចំនួននៃការឆ្លងថ្មីនៅថ្ងៃនេះត្រូវបានគេរាយការណ៍ថា ជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ នៅពេលដែលមានករណីចំនួន ១២,០២៧ករណីត្រូវបានកត់ត្រា។
ដំណឹងនេះវាកើតឡើងនៅពេលដែលមនុស្ស ១៩៥,៥៦៥នាក់ផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសដំបូងរបស់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ ដែលនាំឲ្យចំនួនអ្នកទទួលវ៉ាក់សាំងមួយដូសសរុបកើនដល់ ៤២,២១៦,៦៥៤នាក់។ ក្នុងន័យនេះមនុស្សពេញវ័យជាង ៨០ភាគរយបានចាក់ហើយ។ ទន្ទឹមនឹងនេះ មានមនុស្សចំនួន ២៣៤,៨៣៤នាក់ទទួលបានការចាក់លើកទី២រួច ដែលមានន័យថា ៥៨,២% បានចាក់វ៉ាក់សាំងពេញលេញនៅចក្រភពអង់គ្លេស៕