(វ៉ាស៊ីនតោន)៖ តុលាការកំពូលសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចច្រានចោល នូវសុំណើរបស់គណបក្សសាធារណរដ្ឋ ដែលត្រូវបានគាំទ្រដោយរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីលុបចោលច្បាប់ថែទាំសុខភាព Obamacare ដោយសម្រេចថា រដ្ឋតិចសាស់ និងរដ្ឋដទៃទៀតមិនមានជំហរស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
តុលាការកំពូលបានបោះឆ្នោត ៧ទល់នឹង២សំលេង ដើម្បីបដិសេធសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានធ្វើឱ្យប៉ះពាល់ដល់សុពលភាព នៃអាណត្តិបុគ្គលរបស់ច្បាប់។ ជាការកត់សម្គាល់ នេះជាលើកទីបីហើយដែលតុលាការកំពូលអាមេរិកបានការពារ Obamacare ចាប់តាំងពីការអនុម័តកាលពីឆ្នាំ ២០១០។
កាលពីខែកុម្ភៈកន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ក៏បានជំរុញឱ្យតុលាការកំពូលគាំទ្រ Obamacare ផងដែរ ដែលនេះជាជំហរផ្ទុយស្រឡះពីរដ្ឋបាលដូណាល់ ត្រាំ។
គួរបញ្ជាក់ថា សេចក្តីសម្រេចនេះបានធ្វើឡើងនៅក្នុងបណ្តឹងមួយដោយរដ្ឋតិចសាស់ និងរដ្ឋចំនួន១៧ផ្សេងទៀត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហើយក្រោយមកបានចូលរួមដោយរដ្ឋបាលរបស់លោក ត្រាំ។ សម្ព័ន្ធភាពនៃរដ្ឋចំនួន២០ រួមមានរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ និងសភាតំណាងរាស្រ្តបានធ្វើអន្តរាគមន៍ក្នុងករណីនេះ ដើម្បីព្យាយាមការពារ Obamacare បន្ទាប់ពីលោក ត្រាំ បានបដិសេធមិនការពារច្បាប់នេះ៕