(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយថាទីក្រុងម៉ូស្គូរំពឹងថាកិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក ដែលភាគីទាំង២បានព្រមព្រៀងគ្នា ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធម្សិលមិញ អាចនឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍មួយចេញផ្សាយនៅលើគេហទំព័រនៃក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងនៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សឺណែវ ក្នុងការចាប់ផ្ដើមបើក
កិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធ និងវិធានការមួយចំនួនដើម្បីកាត់បន្ថយហានិភ័យនានានៅពេលអនាគត៕