(ញូដេលី)៖ លោក អារ៉ូរ៉ា (N K Arora) ប្រធានក្រុមប្រឹក្សាផ្នែកវ៉ាក់សាំង នៃប្រទេសឥណ្ឌាបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) មានប្រសិទ្ធភាព ៩០ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
ក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុក NDTV នៅថ្ងៃព្រហស្បតិ៍នេះ លោក Arora បាននិយាយថា វ៉ាក់សាំងរបស់ ក្រុមហ៊ុន Biological E ដែលមានឈ្មោះថា ខ័របេវ៉ាកស៍ (Corbevax) កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ ហើយអាចនឹងបញ្ចេញឲ្យប្រើប្រាស់បាន នៅកំលុងខែតុលាខាងមុខ ប្រសិនបើទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌា។ បើតាមលោក Arora វ៉ាក់សាំងនេះ មានប្រសិទ្ធភាពប្រហែលនឹង វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក ណូវ៉ាវ៉ាកស៍ (Novavax) នោះគឺខ្ទង់ ៩០ភាគរយ។
គួរបញ្ជាក់ថា ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 កាលពីពាក់កណ្តាលខែមករាដើមឆ្នាំនេះ ដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុកហៅថា ខូវីសៀលដ៍ (Covishield) និងវ៉ាក់សាំង ខូវ៉ាស៊ីន (Covaxin) ដែលអភិវឌ្ឍដោយក្រុមហ៊ុនឥណ្ឌាផ្ទាល់។ រីឯវ៉ាក់សាំងរុស្ស៉ី Sputnik V ក៏ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌាផងដែរ។
មកទល់ពេលនេះ ឥណ្ឌាសម្រេចការចាក់វ៉ាក់សាំងបាន ២៦៥លានដូស។ ចំណែកករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេស បន្តកើនដល់ ២៩.៧លាននាក់ ក្នុងនោះស្លាប់ជិត ៣៨២,០០០នាក់ និងជាសះស្បើយជិត ២៨.៥លាននាក់ (ជិត៩៦ភាគរយ)៕