(ប៉េកាំង)៖ នៅវេលាម៉ោង៩និង២២នាទី ថ្ងៃទី១៧ ខែមិថុនា លោក Nie Haisheng លោក Liu Boming និងលោកTang Hongbo បានជិះយានអវកាសផ្ទុកមនុស្ស Shenzhou-១២ ដើម្បីហោះហើរទៅកាន់បន្ទប់ស្នូល TianHe នៃស្ថានីយអវកាស។ តាមផែនការ អវកាសយានិកទាំងបីរូបនេះ នឹងស្នាក់នៅលើអវកាសប្រហែល៣ខែ។ តើការបាញ់បង្ហោះលើកនេះមានចំណុចអ្វីគួរឱ្យចាប់អារម្មណ៍? តើអវកាសយានិកទាំងបីរូបនេះ នឹងរស់នៅលើអវកាសយ៉ាងដូចម្តេច ?
១៖ ស្នាក់នៅអវកាសរយៈពេល៣ខែ លោក Nie Haisheng បានទៅកាន់អវកាសចំនួន៣ដង យោងតាមផែនការ បន្ទាប់ពីយានអវកាស Shenzhou-១២ បានចូលទៅក្នុងគន្លងតារាវិថី ដើម្បីតភ្ជាប់ទៅនឹងបន្ទប់ស្នូល Tianhe ហើយរួមបញ្ចូលគ្នាជាមួយបន្ទប់ស្នូល Tianhe និងយានអវកាសដឹកទំនិញ Tianzhou-2។ អវកាសយានិកចូលប្រចាំការនៅក្នុងបន្ទប់ស្នូលដោយអនុវត្តការងារនិងរស់នៅទីនោះ ។ បន្ទាប់ពីស្នាក់នៅបានប្រហែល៣ខែ អវកាសយានិកទាំងបីរូបនេះនឹងជិះយានអវកាសត្រឡប់មកទីតាំងចុះចត Dongfeng វិញ។
សមាសភាពអវកាសយានិកលើកនេះ លោក Nie Haisheng បានទទួលតំណែងជាមេបញ្ជាការ។ ក្នុងនាមជាអវកាសយានិក ដែលមានបទពិសោធន៍ខ្ពស់ លោកធ្លាប់បានចូលរួមក្នុងបេសកកម្មរបស់យានអវកាស Shenzhou-៦ និងយានអវកាសផ្ទុកមនុស្ស Shenzhou-10។ នេះជាលើកទី ៣ ដែលលោកទៅកាន់អវកាស។
២៖ ការហ្វឹកហាត់លើកនេះមានរយៈពេលជាង ៦,០០០ម៉ោង អវកាសយានិកត្រូវទទួលបន្ទុកការងារធំៗ ចំនួន៤
នៅក្នុងការហោះហើរលើកនេះ អវកាសយានិកម្នាក់ៗបានហ្វឹកហាត់ជាង ៦,០០០ម៉ោង។ អវកាសយានិកទាំង៣ រូបនឹងបំពេញភារកិច្ចសំខាន់ៗចំនួន៤ ក្នុងអំឡុងពេលស្ថិតនៅលើតារាវិថីរួមមាន៖ ទី១ អនុវត្តការគ្រប់គ្រងប្រចាំថ្ងៃនៃបន្ទប់ស្នូល។ ទី២ អនុវត្តសកម្មភាពនៅខាងក្រៅបន្ទប់ស្នូល។ ទី៣ ធ្វើពិសោធន៍ខាងវិទ្យាសាស្ត្រអវកាសនិងបច្ចេកវិទ្យា។ ទី៤ អនុវត្តការគ្រប់គ្រងសុខភាពរបស់អវកាសយានិកដោយខ្លួនឯង ។
៣៖ ជីវភាពរស់លើអវកាស៖ គេងដោយសេរី មានប្រព័ន្ធWiFi និង «បន្ទប់ងូតទឹក»… ដើម្បីលើកកម្ពស់ «ផាសុកភាព» របស់អវកាសយានិក នៅពេលសាងសង់ស្ថានីយអវកាស អ្នករចនាបានគិតគូរពីបរិយាកាសរស់នៅដ៏សមរម្យសម្រាប់អវកាសយានិកដោយបន្ទប់មានទំហំ ១១០ម៉ែត្រគូប។ ទន្ទឹមនឹងនេះ ស្ថានីយអវកាសចិនបានចែកជាមណ្ឌលរស់នៅនិងមណ្ឌលធ្វើការ។ តំបន់រស់នៅមានកន្លែងដេក បន្ទប់អនាម័យនិងកន្លែងហាត់ប្រាណដាច់ដោយឡែកពីគ្នា ក៏ដូចជាផ្ទះបាយនិងកន្លែងទទួលទានអាហារផងដែរ។ លើសពីនេះ អវកាសយានិកក៏អាចទទួលបាននូវ «សេរីភាពក្នុងការគេង» ផងដែរ។ ទោះបីជាពួកគេនៅតែត្រូវ «គេងនៅក្នុងថង់ដេក» ក៏ដោយ ប៉ុន្តែពួកគេអាចទម្រេតខ្លួនបាន។
នៅក្នុងអវកាស ទោះបីជាអវកាសយានិកមិនអាចងូតទឹកផ្កាឈូក ដូចនៅលើផែនដីក៏ដោយ ក៏ពួកគេអាចសម្អាតខ្លួនបាន ដោយបំពង់បាញ់ទឹកក្នុងបន្ទប់ទឹក។ លើសពីនេះ អ្នករចនាបានប្រើបច្ចេកវិទ្យាព័ត៌មានថ្មី ដើម្បីបំពាក់ប្រព័ន្ធ WiFi នៅស្ថានីយអវកាសចិន និងបង្កើតកន្លែងរស់នៅឆ្លាតវៃ។ នៅក្នុងស្ថានីយអវកាស អ្នករចនាបានរៀបចំឧបករណ៍មួយសម្រាប់បំពាក់ឱ្យអវកាសយានិក។ អវកាសយានិកអាចកែសម្រួលពន្លឺភ្លើងបំភ្លឺ របៀបគេង របៀបធ្វើការ របៀបហាត់កីឡាជាដើមតាមរយៈ App ទៅតម្រូវការផ្ទាល់ខ្លួន អំពូលភ្លើងខុសៗគ្នាអាចប្តូរអារម្មណ៍របស់អវកាសយានិកនិងជៀសវាងភាពមិនសុខស្រួលដែលបណ្តាលមកពីការស្ថិតនៅក្នុងបរិយាកាសឯកោក្នុងរយៈពេលយូរ។ អ្នករចនាក៏បានបំពាក់បណ្តាញសំឡេងឯកជន សម្រាប់អវកាសយានិកទូរស័ព្ទជាមួយក្រុមគ្រួសាររបស់ខ្លួន និងចែករំលែកចំណាប់អារម្មណ៍ នៃការរស់នៅក្នុងលំហអវកាស។
៤៖ ការគាំទ្រដ៏រឹងមាំពីផែនដី៖ មាន «ស្ថានីយអវកាស» ដូចគ្នា រៀងរាល់វិនាទីនៃការសាងសង់ និងការប្រតិបត្តិការនៃស្ថានីយអវកាស សុទ្ធតែមានការយកចិត្តទុកដាក់ខ្ពស់ពីបុគ្គលិកនៅលើផែនដី។ មិនត្រឹមតែប៉ុណ្ណឹងទេ នៅលើផែនដីក៏មាន «ស្ថានីយអវកាស» ដែលមានលក្ខណៈដូចគ្នានឹងនៅទីអវកាសដែរ គឺដើម្បីធានាថា ក្នុងករណីមានភាពអាសន្ន បុគ្គលិកនៅលើផែនដីអាចផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់អវកាសយានិកតាមរយៈ ការត្រាប់តាមស្ថានភាពជាក់ស្តែងនៅទីអវកាស ៕