(បាងកក)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រមាណ ៦៣ភាគរយនៃចំនួនប្រជាជនសរុបនៅកោះភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី ១រួចរាល់ហើយ ខណៈកោះនេះគ្រោងនឹងបើកទ្វារឡើងវិញសាជាថ្មី នៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
អគ្គនាយកផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសថៃ លោក អូប៉ាស កាន់កាវីនផុង (Opas Kankawinphong) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រជាជននៅកោះភូកេតចំនួន ៣៤៦,៨៥៥នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី ១ រួចរាល់ហើយ ដែលស្មើនឹង ៦៣.៣ភាគរយនៃចំនួនប្រជាជនសរុបនៅកោះនេះ។
កោះភូកេតគ្រោងនឹងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ៣៨៣,៣០៨នាក់ ដែលស្មើនឹង ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន ដោយការចាក់ដូសទី១ នៅក្នុងខែមិថុនានេះ និងការចាក់ដូសទី ២ នៅក្នុងខែសីហាខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមវិធានការរឹតត្បឹតប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំណត់ដោយ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺនេះ របស់ប្រទេសថៃ (CCSA) ភ្ញៀវទេសចរបរទេសដែលបានទទួលការ «ចាក់វ៉ាក់សាំងពេញលេញ» (២ដូស) ក្នុងរយៈពេលមិនតិចជាង ១៤ថ្ងៃ និងបានធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺនេះមិនលើសពី ៧២ម៉ោងនៅប្រទេសកំណើតរបស់ខ្លួន អាចចូលមកទស្សនាកោះភូកេតបាន ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះតទៅ។
បន្ថែមពីខាងលើនេះ ភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ អាចចាកចេញពីកោះភូកេត ទៅកាន់គោលដៅផ្សេងទៀតនៅក្នុងប្រទេសថៃ បន្ទាប់ពីពួកគេបានចំណាយពេល ១៤ថ្ងៃជាប់ៗគ្នានៅលើកោះទេសចរណ៍ដ៏ល្បីល្បាញមួយនេះ៕