(ប៉េកាំង)៖ យានអវកាសរបស់ចិន ហ្សិនចូវ ១២ (Shenzhou-12) បានចូលទៅចតនៅបន្ទប់ស្ថានីយអវកាស ធានហឺ (Tianhe) ដោយជោគជ័យ ក្រោយចេញដំណើរពីផ្ទៃផែនដី កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
ការបាញ់បង្ហោះយានខាងលើ ដែលមានផ្ទុកអវកាសយានិក ០៣រូប ត្រូវបានធ្វើឡើងនៅអំឡុងម៉ោង ៩៖២២ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) នៃតំបន់វាលខ្សាច់ ហ្គោពី (Gobi) ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេសចិន។ អវកាសយានិកទាំង ០៣រូប ដែលត្រូវជាក្រុមដំបូងគេ នៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល ០៣ខែ។
គួរបញ្ជាក់ថា យាន Shenzhou-12 និងអវកាសយានិក ០៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី ០៣ ក្នុងចំណោមបេសកកម្មសរុបចំនួន ១១ ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីឲ្យរួចរាល់ នៅអំឡុងចុងឆ្នាំ២០២២។ បេសកកម្មបាញ់បង្ហោះទី ១ គឺជាបន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា និងទី ២ គឺបន្ទប់ស្តុកទំនិញ ធានចូវ ២ (Tianzhoi-2) កាលពីថ្ងៃទី២៩ ខែឧសភា៕