(ព្យុងយ៉ាង)៖ ទិន្នន័យអង្គការសហប្រជាជាតិ (UN) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានផ្តល់ថវិកាចំនួន ៣០០,០០០ដុល្លារ ទៅក្នុងមូលធិនិជំនួយមនុស្សធម៌មួយ ដែលដឹកនាំដោយ UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
យោងតាមទិន្នន័យពី ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ប្រទេសកូរ៉េខាងជើង បានផ្តល់ថវិកាខាងលើ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ។ មូលនិធិជំនួយនោះ បានអំពាវនាវឲ្យមានចូលរួមផ្តល់ថវិកាសរុប២៧៦លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ជាទីដែលមនុស្សរាប់រយនាក់បានបាត់បង់ជីវិត ចាប់តាំងពីយោធាបានឡើងគ្រប់ប្រទេស តាំងតែពីខែកុម្ភៈ ឆ្នាំនេះ បូករួមជាមួយបញ្ហាវិបត្តិជំងឺឆ្លង COVID-19។
គួរបញ្ជាក់ថា លើកចុងក្រោយបំផុត ដែលកូរ៉េខាងជើងបានចូលរួមផ្តល់ថវិកា ដល់អង្គការសហប្រជាជាតិបែបនេះ ដើម្បីជួយប្រទេសដទៃ គឺកាលពីឆ្នាំ២០០៥ នៅពេលទីក្រុងព្យុងយ៉ាងបានផ្តល់លុយ ១៥០,០០០ដុល្លារ សម្រាប់ឥណ្ឌូណេស៉ី ឥណ្ឌា ថៃ ម៉ាឡេស៉ី ម៉ាល់ឌីវ និងស្រីលង្កា ដែលរងគ្រោះដោយសារមហន្តរាយស៊ូណាមិឆ្នាំ២០០៤៕