(វ៉ាស៉ីនតោន)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនឹងណែនាំច្បាប់ថ្មីនៅសប្តាហ៍នេះ ស្ថិតក្នុងគោលដៅជំរុញការគាំទ្រ របស់អាមេរិកចំពោះកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនៅក្នុងសភា ដើម្បីប្រកាន់យកជំហររឹងមាំ ក្នុងការដោះស្រាយជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
លោក អេមី ប៊ែរ៉ា (Ami Bera) និងលោក ស្ទេវ ឆាបុត (Steve Chabot) ដែលជាសមាជិកសភាតំណាងរាស្រ្តអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នឹងណែនាំនូវ «ច្បាប់សន្តិភាព និងស្ថិរភាពកោះតៃវ៉ាន់» ដែលជាវិធានការមួយ ដើម្បីគាំទ្រដល់ជំហរផ្នែកការទូត សេដ្ឋកិច្ច និងរូបវ័ន្តរបស់កោះតៃវ៉ាន់តែម្តង។
គួរបញ្ជាក់ថា ច្បាប់ខាងលើនេះ គឺសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃស្ថិរភាព។ វាជាការជំរុញដល់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឱ្យរាយការណ៍ក្នុងរយៈពេល ៩០ថ្ងៃស្តីពីយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលទាំងមូល ដើម្បីបង្កើនការទប់ស្កាត់ប្រឆាំងនឹងជម្លោះឆ្លងកាត់ច្រកសមុទ្រ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត។ វាក៏អំពាវនាវដល់ទីភ្នាក់ងារអាមេរិកឱ្យវិភាគមធ្យបាយនានា ដើម្បីជួយដល់សេដ្ឋកិច្ច និងពង្រីកការអភិវឌ្ឍនៅកោះតៃវ៉ាន់ផងដែរ។
ប្រាកដណាស់ ច្បាប់ថ្មីខាងលើនេះ នឹងបង្កឲ្យទីក្រុងប៉េកាំងធ្វើការឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ជាក់ជាមិនខាន ព្រោះបើតាមគោលនយោបាយចិនតែមួយ ដែលសហរដ្ឋអាមេរិកជាអ្នកប្រកាន់យកផងដែរនោះ កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ ចិនក៏ធ្លាប់បានព្រមានផងដែរថា សង្គ្រាមនឹងផ្ទុះឡើងប្រសិនបើមានកម្លាំងពីបរទេសណា ហ៊ានចូលមកបំបែកបំបាក់រវាងប្រទេសចិន និងកោះតៃវ៉ាន់៕