(ប៉េកាំង)៖ «មិនថាមើលពីផ្នែកផ្គត់ផ្គង់ឬក៏ផ្នែកតម្រូវការទិន្នន័យសេដ្ឋកិច្ចរបស់ចិនសុទ្ធតែនឹងរក្សាការងើបឡើងវិញជាបន្តបន្ទាប់»។ នេះជាការប៉ាន់ប្រមាណរបស់សេដ្ឋវិទូ ដែលបានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Bloomberg News នៅពេលថ្មីៗកន្លងទៅនេះ។ ហើយទិន្នន័យសេដ្ឋកិច្ចជាតិនៅខែឧសភាដែលប្រកាសដោយ រដ្ឋាភិបាលចិន កាលពីថ្ងៃទី១៦ខែមិថុនាក៏បានបញ្ជាក់ពីការវិនិច្ឆ័យបែបនេះផងដែរ។
បើមើលពីផ្នែកផ្គត់ផ្គង់ កត្តាវិជ្ជមានជាច្រើននៃសេដ្ឋកិច្ចប្រទេសចិនកំពុងដើរតួនាទីរបស់ខ្លួន។ ឧទាហរណ៍ដូចជាតម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទំហំប្រាក់ចំណូល លើសពី២០លានយាន់ប្រាក់ចិននៅទូទាំងប្រទេសចិននៅខែឧសភាបានកើនឡើង៨.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ពោលគឺ គិតជាមធ្យមបានកើនឡើង៦.៦ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។
គួរបញ្ជាក់ថា តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មបច្ចេកទេសខ្ពស់បានកើនឡើង១៧.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ពោលគឺ គិតជាមធ្យម បានកើនឡើង១៣.១ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ ក្នុងនោះល្បឿនកំណើននៃបរិមាណផលិតផលរថយន្តដើរដោយថាមពលថ្មី នៅខែឧសភាឆ្នាំនេះ បានឡើងដល់១៦៦.៣ភាគរយ ។ វាច្បាស់ណាស់ថាកំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មផលិតកម្មប្រកបដោយបច្ចេកទេសខ្ពស់របស់ចិន បាននាំមកនូវការប៉ាន់ប្រមាណដោយសុទិដ្ឋិនិយមកាន់តែច្រើនឡើងៗដល់ការងើបឡើងវិញនៃឧស្សាហកម្មផលិតកម្ម។
រីឯឧស្សាហកម្មផលិតកម្មដែលបង្វែរទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងនាំមកនូវកម្លាំងចលករកាន់តែខ្លាំងឡើងៗដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសចិនទាំងមូល។ បើមើលពីផ្នែកតម្រូវការ ក៏មានដំណឹងល្អជាច្រើនផងដែរ។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំនេះ អ្នកទេសចរដែលបានធ្វើទេសចរណ៍ក្នុងប្រទេសចិនមានចំនួន២រយ៣០លាននាក់ ប្រាក់ចំណូលខាងទេសចរណ៍លើសពី១សែនលានយាន់ប្រាក់ចិន។ ចំនួនប្រមូលនិង ដឹកជញ្ជូនទំនិញរហ័សបានវាយទម្លុះ១ពាន់លាន។ ក្រោមការជំរុញនៃតម្រូវការប្រើប្រាស់ក្នុងថ្ងៃឈប់សម្រាក សន្ទស្សរ៍សកម្មភាពពាណិជ្ជកម្មនៃការដឹកជញ្ជូនតាមផ្លូវដែក ការដឹកជញ្ជូនតាមអាកាសនិងការស្នាក់នៅជាដើមខ្ពស់ជាង៦៥ភាគរយក្នុងរយៈពេលពីរខែជាប់ៗគ្នា ហើយសន្ទស្សរ៍សកម្មភាពពាណិជ្ជកម្មនៃការលក់រាយ មុខរបរភោជនីយដ្ឋាន សកម្មភាពកម្សាន្តផ្នែកកីឡានិងវប្បធម៌ជាដើមសុទ្ធតែលើសពី៥៨ភាគរយដែលមានភាពល្អប្រសើរណាស់។
ដោយសារប៉ុន្មានឆ្នាំកន្លងទៅនេះ អត្រារួមចំណែកជាមធ្យមនៃការប្រើប្រាស់ចំពោះកំណើនសេដ្ឋកិច្ចប្រទេសចិនបានឡើងដល់៦០ភាគរយ ដូច្នេះ ការមានកំណើនឡើងវិញនៃទីផ្សារប្រើប្រាស់ វាមានសារសំខាន់ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន។ ក្នុងសប្តាហ៍មុន ធនាគាតពិភពលោកបានដំឡើង ការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចប្រទេសចិនឆ្នាំនេះពី៧.៩ភាគរយ ដល់៨.៥ភាគរយ មូលហេតុសំខាន់មួយគឺការងើបឡើងវិញនៃសេដ្ឋកិច្ចបានពង្រីកពី វិស័យវិនិយោគសាធារណៈទៅដល់វិស័យប្រើប្រាស់ជាសន្សឹមៗ។
ជាងនេះទៅទៀត ព្រមពេលជាមួយគ្នានឹងការងើបឡើងវិញដោយនឹងនរនៃសេដ្ឋកិច្ចបានធានាយ៉ាងខ្លាំងក្លាដល់ជីវភាពរស់នៅជាមូលដ្ឋាន។ បច្ចុប្បន្ននេះ ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩សកល និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតែមានកត្តាអស្ថិរភាពនិងមិនប្រាកដប្រជានៅឡើយ ប៉ុន្តែទន្ទឹមនឹងលក្ខខណ្ឌ អនុគ្រោះបានដើរតួនាទីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចប្រទេសចិននឹងបន្តងើបឡើងវិញដោយនឹងនរ ហើយឋានៈជា «ក្បាលម៉ាស៊ីន» នៃសេដ្ឋកិច្ចពិភពលោកក៏នឹងត្រូវពង្រឹងឥតឈប់ឈរផងដែរ។
តាមការពិត ធនាគារពិភពលោកបានប៉ាន់ប្រមាណក្នុងរបាយការណ៍ថ្មីបំផុតថាអត្រារួមចំណែករបស់សេដ្ឋកិច្ចប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ច ពិភពលោកក្នុងឆ្នាំ២០២១នឹងលើសពី១ភាគ៤៕