(អាហ្វ្រិក)៖ កម្មកររ៉ែនៅក្នុងប្រទេស បុតស្វាណា (Botswana) បានរកឃើញត្បូងពេជ្រមួយគ្រាប់មានទំហំ ១,០៩៨ ការ៉ាត់ ដែលអាចជាគ្រាប់ពេជ្រធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ live Science នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
គ្រាប់ពេជ្រខាងលើត្រូវបានរកឃើញកាលពីដើមខែមិថុនាកន្លងទៅ នៅឯអណ្ដូងរ៉ែមួយក្នុងទីក្រុង ហ្សាវ៉ាណេង (Jwaneng) ស្ថិតនៅភាគខាងត្បូងប្រទេស Botswana ហើយក្រុមហ៊ុន ដេបស្វាណា (Debswana) ដែលជាម្ចាស់អណ្ដូងរ៉ែនេះបានអះអាងថា វាជាការរកឃើញគ្រាប់ពេជ្រធំបំផុត នៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា Botswana ត្រូវបានគេចាត់ទុកជាប្រទេស ដែលនាំមុខគេខាងរុករកពេជ្រ ប្រចាំំនៅទ្វីបអាហ្វ្រិក។ កាលពីឆ្នាំ២០១៥ គ្រាប់ពេជ្រធំជាងគេលំដាប់ទី ២ នៅលើពិភពលោកមានឈ្មោះថា ឡឺសេទី ឡា រ៉ូណា (Lesedi La Rona) និងមានទំហំ ១,១០៩ការ៉ាត់ក៏ត្រូវបានគេរកឃើញនៅអណ្ដូងរ៉ែក្នុងប្រទេស Botswana ផងដែរ។ ចំណែកឯគ្រាប់ពេជ្រធំជាងគេបំផុត នៅក្នុងពិភពលោកមានឈ្មោះថា ឃូលលីណាន (Cullinan) ជាមួយទំហំ ៣,១០៦ការ៉ាត់ ត្រូវបានគេរឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងឆ្នាំ១៩០៥៕