(ហ្សឺណែវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានបង្ហាញពីគំនិតសុទុដ្ឋិនិយមដូចគ្នាចំពោះកិច្ចប្រជុំកំពូលរវាង
អ្នកទាំង២ នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃពុធសប្ដាហ៍នេះ ដោយលោក បៃដិនសង្កត់ធ្ងន់ថាលោកពូទីនមិនចង់បានសង្រ្គាមត្រជាក់ថ្មីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។
លោក បៃដិន និងលោក ពូទីន បានបង្ហាញពីគំនិតសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន ក្រោយជួបពិភាក្សាគ្នាអស់ជាង៣ម៉ោង បូករួមទាំងកិច្ចប្រជុំរយៈពេល២ម៉ោងរវាង រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចសន្ទនាគឺពិតជាធ្វើឡើងដោយលក្ខណៈ ស្ថាបនា»។ លោក ពូទីនបន្ថែមថារូបលោក និងលោក បៃដិន បានព្រមព្រៀងគ្នាអនុញ្ញាតឱ្យអគ្គរដ្ឋទូតនៃប្រទេសទាំង២ ចាប់ផ្ដើមការងារឡើងវិញជាផ្នែកមួយនៃការ
ផ្សះផ្សាទំនាក់ទំនងការទូត។
ជាការឆ្លើយតប លោក បៃដិន ក៏បានបញ្ជាក់ថាលោក និងលោក ពូទីន យល់ព្រមធ្វើការងារជាមួយគ្នាលើវិស័យមួយចំនួនក្នុងនោះរួមមាន តំបន់អាក់ទិក, ស៊ីរី, និងអ៉ីរ៉ង់ ហើយមិនតែប៉ុណ្ណោះលោក បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរថាមហាអំណាចទាំង២ ចែករំលែកការទទួលខុសត្រូវរួមគ្នានៅឆាកអន្តរជាតិ។ តែទោះជាយ៉ាងណាក៏ដោយ លោក បៃដិននៅតែព្រមានរុស្ស៊ីដដែលពាក់ព័ន្ធនឹងការវាយប្រហារព័ត៌មាន ឬ Hack ប្រឆាំងនឹងសហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងម៉ូស្គូថាជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យាលើក្រុមហ៊ុនអាមេរិក SolarWinds និងបានលូកលាន់កិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦ និងឆ្នាំ២០២០។ តែការចោទប្រកាន់បែបនេះត្រូវបានទីក្រុងម៉ូស្គូច្រានចោល៕