(បាងកក)៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ថ្ងៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។
លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា «ឥឡូវនេះវាដល់ពេលដែលយើងត្រូវសំឡឹងមើលទៅអនាគត និងបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត។ នេះជាមធ្យោបាយដ៏សំខាន់មួយដើម្បីកាត់បន្ថយការលំបាក ដែលប្រជាជនមិនអាចរកចំណូលបានជាយូរមកហើយ»។
លោកបានសង្កត់ធ្ងន់ថា «ថ្ងៃនេះខ្ញុំសូមជូនដំណឹងថា ខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល ១២០ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះតទៅ»។
គួរបញ្ជក់ថា គោលដៅដែលបានកំណត់ដោយនាយករដ្ឋមន្រ្តីថៃនេះ នឹងធ្វើឱ្យប្រទេសថៃអាចបើកដំណើរការឡើងវិញ នៅពាក់កណ្តាលខែតុលាខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យបើកដំណើរការឡើងវិញឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច។ លោកបន្ថែមថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក៕