(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងលើកស្ថានភាពអាសន្ននៅថ្ងៃអាទិត្យ ទី២០ មិថុនាខាងមុខ សម្រាប់ខេត្តចំនួន០៩ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ ដោយបន្ថែមថារដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍ពាក់កណ្តាលគ្រាអាសន្នមកជំនួសនៅក្នុងខេត្តចំនួន០៧ នៃខេត្តទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។
កាលពីមុននាយករដ្ឋមន្រ្តី Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
អភិបាលក្រុងអូសាកា លោក Hirofumi Yoshimura បានជំទាស់នឹងសេចក្តីសម្រេចលុបស្ថានអាសន្នដោយនិយាយថា វាហាក់ដូចជាលឿនពេកហើយ ក្នុងការសម្រេចបែបនេះ ដោយបន្ថែមថាលោកនឹងស្នើរឱ្យចាត់វិធានការពាក់កណ្តាលគ្រាអាសន្ន ដើម្បីជៀសវាងការងើបឡើងវិញនៃការឆ្លង។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលក៏បាននិយាយនៅថ្ងៃពុធនេះដែរថា ប្រទេសជប៉ុននឹងសម្រេចចិត្តក្នុងខែនេះថា តើនឹងអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងស្រុកអាចចូលរូមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬយ៉ាងណា៕