(ហុងកុង)៖ ទីក្រុងម៉ាកាវនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងពីការសម្រេចចិត្ត បិទការិយាល័យតំណាងរបស់ខ្លួន ប្រចាំកោះតៃវ៉ាន់ ហើយនេះជាការបោះជំហានមួយតាមទីក្រុងហុងកុង ដែលបានសម្រេចចិត្តដូចគ្នានេះដែរ កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយរបស់ខ្លួន រដ្ឋបាលស្វយ័តម៉ាកាវបានប្រកាសថា ខ្លួននឹងបិទការិយាល័យតំណាងប្រចាំកោះតៃវ៉ាន់ ជាបណ្ដោះអាសន្ន ដោយចាប់អនុវត្តពីថ្ងៃទី១៩ ខែមិថុនាតទៅ។ មិនមានការបញ្ជាក់ពីហេតុផល នៅពីក្រោយការសម្រេចចិត្តនេះឡើយ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់ទីក្រុងម៉ាកាវ ត្រូវបានគេមើលឃើញថា មានលក្ខណៈស្រដៀងគ្នាទៅនឹង សេចក្ដីថ្លែងការណ៍របស់ទីក្រុងហុងកុងដែរ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងបានប្រកាសបិទការិយាល័យតំណាង ប្រចាំកោះតៃវ៉ាន់ កាលពីឧសភាកន្លងទៅនេះដោយចោទថា រដ្ឋាភិបាលទីក្រុងតៃប៉ិគាំទ្របាតុកម្មតវ៉ា និងចលនាប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង៕