(តែលអាវីវ)៖ នៅថ្ងៃពុធនេះ យន្តហោះចម្បាំងរបស់អ៉ីស្រាអែល បានវាយប្រហារលើមូលដ្ឋានក្រុមប្រដាប់អាវុធហាម៉ាស់ នៅភាគខាងត្បូង និងភាគកណ្តាលតំបន់ ហ្គាហ្សា ស្ទ្រីព (Gaza Strip) ដែលជាការឆ្លើយតបចំពោះ ការបង្ហោះប៉ោងៗបញ្ឆេះភ្លើង ចូលទៅមកកាន់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
ប្រភពពីកងកម្លាំងសន្តិសុខអ៉ីស្រាអែលបានឲ្យដឹងថា មូលដ្ឋានមួយចំនួនរបស់ក្រុមហាម៉ាស់ បានរងការខូចខាតធ្ងន់ធ្ងរ ក្រោយប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍ ពីមនុស្សរងគ្រោះថ្នាក់ ឬក៏បាត់បង់ជីវិតឡើយ។ អ៉ីស្រាអែលបានបើកប្រតិបត្តិការនេះ ឆ្លើយតបចំពោះប៉ោងៗបញ្ឆេះភ្លើង ដែលត្រូវបានបង្ហោះមកពីតំបន់ Gaza Strip ចូលមកកាន់ភាគខាងត្បូងអ៉ីស្រាអែល ហើយបង្កអគ្គីភ័យជាច្រើនកន្លែង។
គួរបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ Gaza Strip នេះ គឺជាលើកទីមួយហើយ គិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា កន្លងទៅ ជាពេលដែលការប្រយុទ្ធគ្នាដ៏តានតឹង ត្រូវបានបញ្ចប់តាមរយៈបទឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់គ្រប់គ្រងតំបន់ Gaza ដែលបានអូសបន្លាយ ១១ថ្ងៃ និងបង្កឲ្យមនុស្សរាប់រយនាក់ស្លាប់៕