(វៀងចន្ទ)៖ អាជ្ញាធរឡាវបានចាប់ផ្តើមឡើយ នូវយុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទី ២ នៅទូទាំងប្រទេស ដោយស្ថិតក្នុងគោលដៅបង្កើតភាពសុំា សម្រាប់ប្រជាជនរាប់សែននាក់ទៀត ទប់ទល់នឹងជំងឺ COVID-19 និងសម្រេចឲ្យបាននូវការចាក់ ៥០% នៃចំនួនប្រជាជនសរុបទាំង ៧.៣៧លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។
យុទ្ធនាការចាក់លើកទី ២ ត្រូវបានចាប់ផ្តើមជាបណ្តើរៗកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយប្រជាជនឡាវបានទទួលការចាក់វ៉ាក់សាំង Pfizer និង Sinopharm សម្រាប់ដូសដំបូង ហើយត្រូវរង់ចាំរយៈពេល ២១-២៨ថ្ងៃទៀត ទើបពួកគេអាចមកទទួលការចាក់ដូសទី ២។ វ៉ាក់សាំង Sinopharm និង Pfizer គឺសុទ្ធតែត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តទទួលស្គាល់ជាផ្លូវការ និងដាក់បញ្ចូលក្នុងបញ្ជីរបស់ COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងដ៏ធំរបស់អន្តរជាតិ។
ជំនួយវ៉ាក់សាំងចិន Sinopharm ជាច្រើនដូសទៀត ត្រូវបានដឹកជញ្ជូនមកដល់ឡាវ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តែមួយថ្ងៃប៉ុណ្ណោះមុនយុទ្ធនាការចាក់ទ្រង់ទ្រាយធំលើកទី ២ ចាប់ផ្តើម។ ដោយឡែកសម្រាប់វ៉ាក់សាំង Pfizer ដែលមានប្រភពដើមពីអាមេរិកវិញ គឺប្រទេសឡាវមានសម្រាប់ចាក់ជូនប្រជាជនខ្លួន ៥០,៣០០នាក់ ដោយវាតម្រូវឲ្យចាក់ជូនមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។
គួរបញ្ជាក់ថា កន្លងមកនេះប្រទេសឡាវ បានទទួលវ៉ាក់សាំងបង្ការ COVID-19 សរុបជាង ២,១៣៦,០០០ដូស ក្នុងនោះមានដូចជា Sinopharm, AstraZeneca, Pfizer និង Sputnik V។ គិតត្រឹមដើមសប្តាហ៍នេះ ឡាវបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១.១១លានដូស ក្នុងនោះប្រជាជនជាង ៧១២,៧០០នាក់ (១០% នៃចំនួនប្រជាជនសរុប) បានចាក់យ៉ាងហោចណាស់ ១ដូស និងជិត ៤០០,០០០នាក់ (៥.៥% នៃចំនួនប្រជាជនសរុប) បានចាក់គ្រប់ដូស៕