(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ជាទិវារំលឹកខួបទី២០ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ។ ពីរដ្ឋសមាជិកចំនួន ៦ នៅពេលដំបូងអភិវឌ្ឍទៅដល់រដ្ឋសមាជិកចំនួន៨ ប្រទេសជាអ្នកសង្កេតការណ៍ចំនួន៤ និងប្រទេសជាដៃគូសន្ទនាចំនួន៦ នាពេលបច្ចុប្បន្ន អង្គការសហប្រតិបត្តិការសៀងហៃ មិនត្រឹមតែគាំពារយ៉ាងខ្លាំងក្លានូវសន្តិភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាគំរូក្នុងការគាំពារពហុភាគីនិយម និងជំរុញភាពប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិផងដែរ។
ហេតុអ្វីបានជាអង្គការសហប្រតិបត្តិការសៀងហៃ អាចរីកចម្រើនទៅមុខយ៉ាងផុលផុស ក្នុងរយៈពេល២០ឆ្នាំកន្លងមក។ និយាយជារួម នៅពេលដំបូងនៃការបង្កើតអង្គការសហប្រតិបតិ្តការសៀងហៃ ក៏បានកំណត់ជាក់លាក់នូវ «ស្មារតីសៀងហៃ» ហើយផ្តួចផ្តើមឱ្យកសាងទំនុកចិត្តលើគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មានសមភាព ពិគ្រោះពិភាក្សាគ្នា គោរពពិពិធកម្មខាងអរិយធម៌និងស្វែងរកការអភិវឌ្ឍជាមួយគ្នា។
នេះគឺជាទស្សនៈសហប្រតិបត្តិការដ៏ជឿនលឿនមួយបែប ដែលបានជំរុញរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាដ៏លេចធ្លោ និងអស្ចារ្យក្នុងកិច្ចសហប្រតិបត្តិការផែ្នកសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសន្ទនាខាងអរិយធម៌ជាដើម។
ក្នុងវិស័យកិច្ចសហប្រតិបត្តិការផែ្នកសន្តិសុខ រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការ បានចុះហត្ថលេខាលើអនុសញ្ញាប្រយុទ្ធប្រឆាំងនឹង ភេរវនិយមមួយចំនួនជាបន្តបន្ទាប់ និងបានធ្វើសមយុទ្ធប្រឆាំងនឹងភេរវកម្មរួមអំពី «បេសកកម្មសន្តិភាព» ជាង១០លើក។ សំដៅចំពោះការអភិវឌ្ឍ និងបម្រែបម្រួលនៃស្ថានការណ៍ក្នុងតំបន់ វិស័យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងរដ្ឋសមាជិក ត្រូវបានពង្រីកពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងភេរវនិយម អបគមន៍និយមនិងជ្រុលនិយមទៅដល់វិស័យផ្សេងៗ ដូចជា ការបង្រ្កាបគ្រឿងញៀន ការប្រឆាំងការសម្អាតប្រាក់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដែលបានគាំពារប្រកបដោយប្រសិទ្ធភាព នូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ក្នុងវិស័យកិច្ចសហប្រតិបត្តិការផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ទំហំសរុបនៃការនាំចេញនិងនាំចេញរបស់ចិន ជាមួយរដ្ឋសមាជិកដទៃទៀតនៃអង្គការសហប្រតិបត្តិការសៀងហៃ បានកើនពីចំនួន ១៧.១៤ ពាន់លានដុល្លារអាមេរិកនៅពេលដំបូងឡើងដល់ ២៤៤.៨៥ពាន់លានដុល្លារអាមេរិក ហើយអត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំៗបានឡើងដល់ ១៥ភាគរយ។
ប្រការដែលកាន់តែសំខាន់ជាងទៀត គឺអង្គការសហប្រតិបត្តិការសៀងហៃតែងតែគាំទ្រ ព្រមទាំងអនុវត្តពហុភាគីនិយមជាប់រហូតមក និងបានបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ស្តីពីការគោរពគ្នាទៅវិញទៅមក យុត្តិធម៌និងសច្ចធម៌ព្រមទាំងកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។
ពិភពលោកបច្ចុប្បន្ននេះ នៅតែមិនមានសន្តិភាពនៅឡើយ ប្រទេសលោកខាងលិចមួយចំនួនប៉ុនប៉ងបំផុស «សង្រ្គាមត្រជាក់ថ្មី» ក៏ដូចជារៀបចំ «រង្វង់តូច» និងអនុវត្តនយោបាយបក្សពួក ដែលមានភាពបិទទ្វារ ដើម្បីបង្កការបដិបក្ខគ្នាខាងមនោគមវិជ្ជា។ ប្រការនេះបានក្រើនរំលឹកដល់អ្នកផងទាំងពួងថា ដើម្បីស្វែងរកសុខសុភមង្គលរួមរបស់មនុស្សជាតិទាំងមូល ពួកយើងចាំបាច់ត្រូវឈរនៅប៉ែកម្ខាងនៃពហុភាគីនិយម ឈរនៅប៉ែកម្ខាងនៃយុត្តិធម៌និងសច្ចធម៌ ក៏ដូចជាឈរនៅប៉ែកម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រផងដែរ៕