(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិននឹងបញ្ជូនអវកាសយានិកចំនួន ០៣នាក់ ឡើងទៅកាន់ទីអវកាស ខណៈវានឹងជាបេសកកម្មបញ្ជូនមនុស្ស លើកដំបូងសម្រាប់ចិន ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ ហើយក៏ជាផ្នែកនៃដំណើរការសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

យោងតាមអាជ្ញាធរអវកាសចិន បេសកកម្មខាងលើត្រូវរំពឹងថា នឹងចេញដំណើរនៅម៉ោង ៩៖២២នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើយានអវកាសដឹកមនុស្ស ហ្សិនចូវ ១២ (Shenzhou-12) ចេញពីទីក្រុង ជីវក្វាន់ (Jiuquan) ក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេស។ ចំណែកឯសមាសភាពអវកាសយានិក គឺជាបុរសទាំងអស់ ដែលមានអាយុ ៤៥ឆ្នាំ, ៥៤ឆ្នាំ និង ៥៦ឆ្នាំ។

បេសកកម្មយាន Shenzhou-12 នឹងជាបេសកកម្មទី ៣ ក្នុងចំណោមបេសកកម្មសរុបចំនួន ១១ ដែលចិនត្រូវធ្វើឡើង ដើម្បីសម្រេចជាស្ថាពរ នូវការសាងសង់ស្ថានីយអវកាសរបស់ខ្លួន ឲ្យបាននៅចុងឆ្នាំ២០២២។ ចិនបានចាប់ផ្តើមការសាងសង់ស្ថានីអវកាសនេះ កាលពីខែមេសាកន្លងទៅ ជាមួយការបាញ់បង្ហោះកំណាត់បន្ទប់ស្នូលរបស់វាឈ្មោះ ធានហឺ (Tianhe)។ រីឯកាលពីចុងខែឧសភា ចិនបានបញ្ជូនយានដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗ ឡើងទៅកាន់កំណាត់បន្ទប់នោះ។ អវកាសយានិកចិនទាំង ០៣រូប នឹងត្រូវស្នាក់នៅក្នុងកំណាត់បន្ទប់ Tianhe រយៈពេល ០៣ខែ។

គួរបញ្ជាក់ថា បេសកកម្មបញ្ជូនអវកាសយានិក ទៅកាន់ទីអវកាសលើកចុងក្រោយបំផុតរបស់ចិន ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៦ នៅពេលអវកាសយានិក ០២នាក់ ត្រូវបានបញ្ជូនទៅកាន់គំរូមន្ទីរពិសោធន៍អវកាស ធានកុង ២ (Tiangong-2) តាមរយៈយានអវកាស ហ្សិនចូវ ១១ (Shenzhou-11) ហើយស្នាក់នៅទីនោះរយៈពេលប្រមាណជា ០១ខែ៕