(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកជាច្រើនរូប មកពីគណបក្សសាធារណរដ្ឋ បានធ្វើបទបង្ហាញពីសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលបំណងបណ្ដេញ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លង លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) ចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។
សមាជិកសភាអាមេរិកលោកស្រី ម៉ាហរី ថាយឡឺ ហ្គ្រីន (Marjorie Taylor Greene) បានដឹកនាំសមាជិកសភាជាមិត្តរួមការងាររបស់លោកស្រី ប្រកាសពីសេចក្ដីព្រាងច្បាប់ថ្មីមួយមានឈ្មោះថា ច្បាប់បណ្តេញលោក Fauci ឬ Fire Fauci Act ដែលនឹងកាត់បន្ថយប្រាក់បៀវត្សរបស់លោក Anthony Fauci ឱ្យដល់សូន្យ ហើយតម្រូវឱ្យព្រឹទ្ធសភាទទួលស្គាល់អ្នកណាម្នាក់ផ្សេងឱ្យមក ជំនួសកន្លែងរបស់លោក Fauci។
គួរបញ្ជាក់ថា ការប្រកាសពីសេចក្ដីព្រាងច្បាប់បណ្ដេញ លោក Anthony Fauci ធ្វើឡើងបន្ទាប់ពីក្រុមសមាជិកសភា មកពីគណបក្សសាធារណរដ្ឋខាងលើ ចោទប្រកាន់លោក Fauci ធ្វើឱ្យប្រជាជនអាមេរិកមានការភ័ន្តច្រឡំ និងផ្ដល់អនុសាសន៍មិនត្រឹមត្រូវជុំវិញការពាក់ម៉ាស និងវិធានការគម្លាតសុវត្ថិភាព។ តែទោះជាបែបនេះក្ដី គេមានការរំពឹងតិចតួចណាស់ថា ច្បាប់នេះនឹងត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្ត្រ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សប្រជាធិបតេយ្យ៕