(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៤០៣ករណីបន្ថែមទៀត ក្នុងនោះមានតែ០៤ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីសហគមន៍ទាំងអស់។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
នេះជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតទី២ ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី២៥ ខែឧសភាដែលប្រទេសនេះបានរកឃើញករណីឆ្លងថ្មីរហូតដល់ ៤៤៤ករណីក្នុងមួយថ្ងៃ។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃអង្គារនេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណីឆ្លងថ្មីចំនួន ២៣៥ករណី។
ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩០ករណីបន្ថែមទៀត ដែលភាគច្រើនមានទំនាក់ទំនងនឹងចង្កោមចម្លងថ្មី នៃវិហារគ្រឹះសាសនាមួយកន្លែងក្នុងខណ្ឌ Gò Vấp។
ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ៥៥ករណី, ខេត្តBình Dương មាន១២ករណី, ខេត្ត Hà Tĩnh មាន០៣ករណី, ខេត្ត Lạng Sơn មាន០២ករណី និង០១ករណីទៀតនៅរដ្ឋធានីហាណូយ។
សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១១,២១២នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,៥៤៣នាក់៕