(តៃបុិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះកងទ័ពអាកាសចិនចំនួន ២៨គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបានចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ (ADIZ) នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ ដែលជាសកម្មភាពយោធាធំបំផុតរហូតមកទល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
ដំណឹងនេះកើតឡើងបន្ទាប់ពីមេដឹកនាំបណ្តាក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យដោយបានស្តីបន្ទោសប្រទេសចិនចំពោះបញ្ហាជាបន្តបន្ទាប់ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលប្រទេសចិនបានចាត់ទុកសេចក្តីថ្លែងការណ៍រួមនេះជាការបង្ខូចកេរ្តិ៍ឈ្មោះខ្លួន។
ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា បេសកកម្មរបស់ចិនលើកនេះ រួមមានទាំងយន្តហោះប្រយុទ្ធប្រភេទ J-16 ចំនួន១៤គ្រឿង, យន្តហោះប្រយុទ្ធប្រភេទ J-11 ចំនួន ៦គ្រឿនិងយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរចំនួន ៤គ្រឿង ព្រមទាំងប្រភេទយន្តហោះចម្បាំងចំនួន ៤ប្រភេទទៀត។
គួរបញ្ជាក់ថា នេះជាសកម្មភាពយោធាប្រចាំថ្ងៃធំបំផុតរបស់កងទ័ពចិន ចាប់តាំងពីក្រសួងការពារជាតិតៃវ៉ាន់បានចាប់ផ្តើមរាយការណ៍ទៀងទាត់ស្តីពីសកម្មភាពកងទ័ពអាកាសចិននៅក្នុងតំបន់ ADIZ។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិចិនមិនបានឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយទេ។ ចិនតែងតែបានចាត់ទុកបេសកកម្មបែបនេះថាជា រឿងចំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស និងដោះស្រាយជាមួយការឃុបឃិតគ្នារវាងទីក្រុងតៃបុិ និងវ៉ាស៊ីនតោន៕