(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) នៅថ្ងៃអង្គារនេះ បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា សហភាពអឺរ៉ុប (EU) បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនក្នុងប្លុករបស់ខ្លួនជាង ៣០០លានដូសហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
លោកស្រី Ursula von der Leyen បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា «យើងបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់យើងជាង ៣០០លានដូសហើយនៅក្នុងសហភាពអឺរ៉ុប។ រាល់ថ្ងៃយើងកំពុងខិតជិតដល់គោលដៅរបស់យើងហើយ គឺផ្ដល់ការចាក់វ៉ាក់សាំងឱ្យបាន ៧០ភាគរយ នៃចំនួនប្រជាជនពេញវ័យរបស់យើង នៅសហភាពអឺរ៉ុបនៅខែក្រោយនេះ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ៥៣.៣% នៃចំនួនប្រជាជនពេញវ័យនៅសហភាពអ៊ឺរ៉ុប បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈវ៉ាក់សាំងចំនួន ៣៥៣លានដូសត្រូវបានចែកចាយទៅកាន់រដ្ឋចំនួន ២៧។ សហភាពអឺរ៉ុបមានសមាជិកសរុប ២៧ប្រទេស ជាមួយនិងប្រជាជនជាង ៧៤៨លាននាក់៕