(ហ្សេរុយសាឡឹម)៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលថ្មី លោក Naftali Bennett បានប្រឈមមុខនឹងការធ្វើតេស្ដដំបូងមួយនៅថ្ងៃអង្គារនេះ ខណៈក្រុមអ្នកជាតិ និយមជ្រុលជ្វីហ្វ រៀបចំការដើរជាក្បួនដង្ហែទៅកាន់ទីក្រុងហ្សេរុយសាឡឹមខាងកើត កំពុងបង្កជាភាពតានតឹងដែលអង្គការសហប្រជាជាតិព្រមានថាអាចនឹងធ្វើឱ្យបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សាមានភាពផុយស្រួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
ការដើរជាក្បួនដង្ហែរបស់ក្រុមជនជាតិជីហ្វស្ដាំនិយមមានឈ្មោះថា March of the Flags ដើម្បីប្រារព្ធខួបនៃការគ្រប់គ្រងរបស់អ៉ីស្រាអែលលើទីក្រុងហ្សេរុយសាឡឹមខាងកើត ដំបូងឡើយ ត្រូវរៀបចំកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកម្លេះ ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារមានការជំទាស់ពីប៉ូលិសអ៉ីស្រាអែល និងការព្រមានពីក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា។
អតីតរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានពន្យារពេលក្បួនដង្ហែខាងលើរហូតដល់ថ្ងៃអង្គារនេះ ទើបមានការសម្រេចចិត្តថ្មីកាលពីថ្ងៃចន្ទ ដោយ រដ្ឋាភិបាលថ្មីរបស់លោក Naftali Bennett។ រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុងអ៉ីស្រាអែល លោក Omer Bar-Lev បានគូសបញ្ជាក់ដូច្នេះថា៖ «សិទ្ធិធ្វើបាតុកម្មគឺសិទ្ធិមួយត្រូវបានអនុញ្ញាត នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ...ប៉ូលិសបានត្រៀមខ្លួនជាស្រេច ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលយើងមាន ដើម្បីការពារការរួមរស់នៅជាមួយគ្នា»។
គួរបញ្ជាក់ថា ក្រុមអ្នករៀបចំក្បួនដង្ហែ បានអះអាងថាពួកគេបានពិភាក្សាជាមួយប៉ូលិសអ៉ីស្រាអែលពីជម្រើសល្អនានាក្នុងការដើរក្បួនបង្ហែសំដៅបញ្ចៀសការប៉ះទង្គិចគ្នាជាមួយ ប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Shtayyeh បានថ្កោលទោស និងចាត់ទុកការរៀបចំក្បួនបង្ហែនេះជាសកម្មភាពបង្ករឿង៕