(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលម៉ាឡេស៉ីនាថ្ងៃអង្គារនេះ បានប្រកាសពីការអនុញ្ញាតឲ្យប្រើប្រាស់ «ដោយមានលក្ខខណ្ឌ» នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ប្រភេទចាក់តែមួយដូស» ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ខេនស៊ីណូ (CanSino Biologics)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលម៉ាឡេស៉ី លោក ណ័រ ហ៊ីហ្សាម អាប់ឌុលឡាហ៍ (Noor Hisham Abdullah) បានឲ្យដឹងទៀតថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូសដូចគ្នា ក៏ត្រូវបានអនុម័តឲ្យប្រើ ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។ ចំណែកវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវអនុញ្ញាតឲ្យចាក់លើក្មេងជំទង់ចាប់ពី ១២ឆ្នាំឡើងទៅបាន។ កន្លងមកវ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឲ្យចាក់លើ អ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះនៅម៉ាឡេស៉ី។
បើតាមលោក Noor Hisham Abdullah ម៉ាឡេស៉ីរំពឹងទទួលបានវ៉ាក់សាំង Johnson & Johnson តាមរយៈកម្មវិធី COVAX។ រីឯនាយករងក្រុមហ៊ុន CanSino បានប្រាប់ទីភ្នាក់ងារព័ត៌មានស៉ីនហួរថា ក្រុមហ៊ុនលោកនឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ម៉ាឡេស៉ី ក្នុងទម្រង់ជាលទ្ធផលសម្រេច ហើយក៏កំពុងធ្វើការជាមួយដៃគូនៅម៉ាឡេស៉ី ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួន នៅទីនោះផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា កាលពីចន្ទសប្តាហ៍នេះ ម៉ាឡេស៉ីបានបង្កើនអត្រាចាក់វ៉ាក់សាំង COVID-19 ដល់ជិត ២០០,០០០ដូសក្នុងមួយថ្ងៃ ខណៈមកទល់ឥឡូវ វ៉ាក់សាំងសរុបប្រមាណ ៤.៦លានដូស ត្រូវបានចាក់ ហើយប្រជាជនម៉ាឡេស៉ី ១.៤លាននាក់ ក្នុងចំណោមចំនួនប្រជាជនសរុបជិត ៣២លាននាក់ បានទទួលការចាក់គ្រប់ដូស៕