(ប៉េកាំង)៖ ការធំធាត់ឡើងដោយសប្បាយរីករាយរបស់កុមារចិន ជារឿងដែលលោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ជានិច្ច។ លោកតែងតែទៅជួបជាមួយកុមារ ដើម្បីបង្ហាញពីការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ ត្រូវបានគេហៅយ៉ាងស្និទ្ធស្នាលថា «មិត្តធំ»។ លោក Xi Jinping ធ្លាប់ចែករំលែកពីរឿងរ៉ាវកាលពីកុមារភាពរបស់ខ្លួន និងចំណាប់អារម្មណ៍ក្នុងដំណើរធំដឹងក្តីរបស់ខ្លួនជាច្រើនដង។

១៖ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ លោក Xi Jinping បានទៅសួរសុខទុក្ខកុមារនិងក្មេងជំទង់ នៅសាលាបឋមសិក្សាជនជាតិនៃខណ្ឌ HaiDian ក្រុងប៉េកាំង។ ពេលបានឃើញក្មេងៗហាត់សរសេរអក្សរផ្ចង់精忠报国 (ដែលមានន័យថា «បម្រើប្រទេសជាតិដោយភាពស្មោះត្រង់បំផុត» ដែលជាពាក្យសម្តីល្បីល្បាញរបស់វីរបុរស ក្នុងសម័យបុរាណចិនឈ្មោះ Yue Fei) លោក Xi Jinping បានចាប់អារម្មណ៍យ៉ាងខ្លាំងថា៖ តាំងពីតូចខ្ញុំបានទទួលឥទ្ធិពលពីអក្សរទាំង ៤តួនេះ ពេលអាយុប្រហែល ៤ ឆ្នាំ អ្នកម្តាយខ្ញុំបានទិញសៀវភៅគំនូរត្លុកដើម្បីនិទានពីរឿង «ម្តាយ Yue Fei សាក់អក្សរ 精忠报国 លើខ្នងរបស់ Yue Fei ដើម្បីដាស់តឿកូនប្រុសឱ្យខំបម្រើប្រទេសជាតិ ដោយភាពស្មោះត្រង់បំផុតមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន»។ ខ្ញុំឆ្ងល់ក៏សួរថា «សាក់អក្សរបែបហ្នឹង មិនឈឺទេឬ?» អ្នកម្តាយខ្ញុំតបថា ឈឺ ក៏ប៉ុន្តែលោក Yue Fei ចងចាំពីបណ្តាំរបស់អ្នកម្តាយពេញមួយជីវិត។ ខ្ញុំក៏ចាំច្បាស់ដល់សព្វថ្ងៃនេះដែរ។ ការបម្រើប្រទេសជាតិដោយភាពស្មោះត្រង់បំផុត ក៏ជាគោលដៅពេញមួយជីវិតរបស់ខ្ញុំផងដែរ។

២៖ លោក ស៊ី ជីនភីង កើតនៅក្នុងគ្រួសារអ្នកបដិវត្តន៍ ការអប់រំក្នុងផ្ទះតឹងរ៉ឹង ជីវភាពនៅកុមារភាពរបស់លោកគឺ សាមញ្ញណាស់។ កាលពីឆ្នាំ២០០៣ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍មជ្ឈិមចិន លោកបានរំលឹកថា កាលនោះខោអាវដែលយើងស្លៀកពាក់ជាទូទៅ មានបំណះជាច្រើន ហើយត្រូវស្លៀកពាក់ខោអាវតពីបងប្រុសស្រី។ លោកស៊ីជីនភីងមានបងប្អូន៦នាក់ ដូច្នេះពេលនៅតូចជាទូទៅគាត់ត្រូវស្លៀកខោអាវរបស់បងស្រី។ លោកបាននិយាយថា ខោអាវនិងស្បែកជើងដែលមានផ្កា ខ្ញុំមិនចង់ពាក់ជាដាច់ខាត ក៏ប៉ុន្តែត្រូវតែពាក់។

៣៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ លោក Xi Jinping បានទៅសួរសុខទុក្ខសិស្សានុសិស្ស និងគ្រូបង្រៀននៃអនុវិទ្យាល័យ Bayi ក្រុងប៉េកាំង។ លោកធ្លាប់រៀននៅសាលានេះពីថ្នាក់បថមសិក្សា ដល់ថ្នាក់អនុវិទ្យាល័យ។ ក្មេងជំទង់ដែលកំពុងលេងបាល់ទាត់នៅតារាងបាល់ បានទាក់ទាញ់ក្រសែភ្នែករបស់លោក។ លោកបានប្រាប់កូនក្មួយទាំងនោះថា៖ «ជាង ៥០ឆ្នាំមុន ខ្ញុំធ្លាប់លេងបាល់ទាត់នៅទីនេះដែរ។ កាលនោះកន្លែងនេះជាទីធ្លាដីគ្មានតារាងបាល់ទេ។ មើលមើល៍ ខ្ញុំមានសុខភាពល្អមាំមួនដល់ឥឡូវ គឺមកពីបានហាត់កីឡានៅពេលក្មេង។ គុណធម៌ ប្រាជ្ញា កីឡា និងសិល្បៈវប្បធម៌ សុទ្ធតែត្រូវហ្វឹកហាត់និងរៀនសូត្រ ហើយការហាត់កីឡាមានសារៈសំខាន់ លើការអប់រំសីលធម៌ និងការលត់ដំឆន្ទៈ»។

៤៖ «ឃើញអ្នកទាំងឡាយលេងស្គីខ្ញុំក៏នឹកដល់ អតីតកាលដែលខ្ញុំធ្លាប់លេងស្គីដែរ កាលនៅបថមសិក្សា ទៅលេងនៅទីណា? គឺនៅបឹង Shichahai។ ស្បែកជើងស្គីត្រូវមិនត្រូវជើងមិនគិតទេពាក់ ហើយទៅជិះលេងតែម្តង»។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក Xi Jinping បានចែករំលែកពីរឿងរ៉ាវលេងស្គីរបស់លោក ជាមួយក្មេងៗដែលហាត់កីឡា hockey ទឹកកកនៅកីឡដ្ឋាន Wukesong ក្រុងប៉េកាំងថា៖ ក្នុងសម័យលោកនៅក្មេង សេដ្ឋកិច្ចរបស់ចិនមិនល្អទេ ការលេងស្គីមានតែនៅទីលានទឹកកកធម្មជាតិក្រៅអគារ ដែលមានលក្ខណសម្បត្តិសាមញ្ញណាស់។ លោកនិងប្អូនប្រុសចូលចិត្តលេងស្គីដូចគ្នា តែមានលុយទិញស្បែកជើងស្គីតែមួយគូប៉ុណ្ណោះ លោកក៏ឱ្យប្អូនប្រុសទិញទៅជិះលេង៕