Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនចោទថាអង្គការ NATO កំពុងបំប៉ោងទ្រឹស្តីដែលថា ចិនជាការគំរាមកំហែងចំពោះពិភពលោក ​(Video inside)

15-06-2021 14:44

(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ បានចោទអង្គការ NATO ថា កំពុងនិយាយបំប៉ោងអំពីការគំរាមកំហែង ដែលកើតចេញពីប្រទេសចិន និងព្យាយាមបង្កើតការប្រឈមមុខដាក់គ្នា បន្ទាប់ពីសម្ពន្ធភាពប្រទេសលោកខាងលិចនេះ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីទប់ទល់នូវអ្វីដែលពួកគេហៅថាជា បញ្ហាប្រឈមជាលក្ខណៈប្រព័ន្ធ បង្កឡើងដោយគោលនយោបាយរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

មេដឹកនាំនៃបណ្តាប្រទេសជាសមាជិក NATO បានធ្វើការប្តេជ្ញារួមខាងលើ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងព្យាយាមស្តារឡើងវិញ នូវចំណងទំនាក់ទំនងអន្តរអាត្លង់ទិច របស់ទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីវាបានរងការប្រេះឆា ក្រោមអាណត្តិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំសមាជិកអង្គការ NATO បានលើកឡើងថា សកម្មភាពកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងការកសាងអាវុធនុយក្លេអ៊ែរ ព្រមទាំងសមត្ថភាពផ្នែកអវកាស និងព័ត៌មានវិទ្យា បាននិងកំពុងតែបង្កការគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។

ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ខាងលើ តំណាងបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានស្នើឲ្យ NATO មើលការអភិវឌ្ឍរបស់ចិន ប្រកបដោយហេតុផល, ឈប់និយាយបំប៉ោងអំពីទ្រឹស្តីដែលថា ចិនជាការគំរាមកំហែងដល់ពិភពលោក ហើយកុំយកផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ចិន ធ្វើជាលេស ដើម្បីទាញយកផលប្រយោជន៍នយោបាយសម្រាប់ក្រុមខ្លួន ហើយស្របពេលជាមួយគ្នា បង្កើតការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា ក្រោយកិច្ចប្រជុំកាលពីចុងសប្តាហ៍មុន នៅចក្រភពអង់គ្លេស មេដឹកនាំក្រុមប្រទេស G7 ដែលភាគច្រើនជាសមាជិក NATO ក៏បានចេញសេចក្តីថ្លែងការណ៍រួម វាយប្រហារលើចិនផងដែរ ពាក់ព័ន្ធតំបន់ស៉ីនជាំង ទីក្រុងហុងកុង និងកោះតៃវ៉ាន់ ហើយពេលនោះ ខាងស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បានចេញមុខថ្កោលទោស សេចក្តីថ្លែងការណ៍របស់ G7៕