(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រុមហ៊ុនផលិតឱសថ ណូវ៉ាវ៉ាកស៍ (Novavax) នៃសហរដ្ឋអាមេរិក បានប្រកាសអំពីលទ្ធផលធ្វើតេស្ត បេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដោយក្នុងនោះវាបានបង្ហាញ «ប្រសិទ្ធភាពលើស ៩០%» ក្នុងការទប់ទល់វីរុស COVID-19 ជាច្រើនទម្រង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។
លទ្ធផលនៃការធ្វើតេស្តខាងលើនេះ គឺត្រូវបានប្រមូលមកពីក្រុមអ្នកស្ម័គ្រចិត្តជិត ៣០,០០០នាក់ ដែលបានចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 Novavax នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ីកូ។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ខ្លួនកំពុងរៀបចំឯកសារស្មើសុំ ទៅកាន់អាជ្ញាធរអាមេរិក និងប្រទេសផ្សេងៗទៀត ដើម្បីឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំង Novavax នៅក្នុងករណីបន្ទាន់ នៅអំឡុងត្រីមាសទី ៣ នៃឆ្នាំ២០២១។
គួរបញ្ជាក់ថា Novavax ដែលជាប្រភេទវ៉ាក់សាំងចាក់បំពេញប្រូតេអ៊ីន (protein-based COVID-19 vaccine) បានបង្ហាញប្រសិទ្ធភាពជាង ៩៣% ប្រឆាំងនឹងការឆ្លងរាតត្បាតវីរុស COVID-19 បំប្លែងខ្លួនជាច្រើនទម្រង់ ដែលជាក្តីព្រួយបារម្ភដ៏ខ្លាំងក្លាសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ និងអាជ្ញាធរសុខាភិបាលនានាទូទាំងពិភពលោក។
បន្ថែមពីខាងលើនេះ បេក្ខភាពវ៉ាក់សាំង Novavax ក៏មានសមត្ថភាព ការពារក្រុមអ្នកស្ម័គ្រចូលរួមធ្វើតេស្ត ពីហានិភ័យក្នុងការធ្លាក់ខ្លួនឈឺបានប្រមាណ ៩១% និងអាចការពារពួកគេ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់តែម្តងរហូតដល់ទៅ ១០០%។ បន្ថែមពីនេះទៀត វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាព ៧០% ទប់ស្កាត់វីរុស COVID-19 បំប្លែងថ្មីផ្សេងៗទៀតដែល Novavax មិនទាន់អាចកំណត់បានផងដែរ៕