(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន២៧២ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
ខេត្ត Bac Giang ស្ថិតភាគខាងជើងប្រទេស នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាម ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១២១ករណី។
ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៨២ករណីបន្ថែមទៀត ក្រោយផ្ទុះមានករណីឆ្លងក្នុងចំណោមបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យឯកទេសជំងឺត្រូពិកមួយ ខណៈដែលមន្ទីរពេទ្យនេះត្រូវបានអាជ្ញាធរបិទខ្ទប់ (Lockdown)ជាបណ្តោះអាសន្ន។
ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ១៧ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងចំនួន២២ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗទៀត។
នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួនពីរនាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,៨១០នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,២៣៦នាក់៕