(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្តែងការសោកស្តាយចំពោះការដែលលោកមិនបានគម្រោងជួបជាមួយលោក Joe Biden នៅមុនពេលដែលប្រធានាធិបតីអាមេរិករូបនេះ ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនានានៅថ្ងៃចន្ទនេះថា «វាជាការប្រសើរដែលមានកិច្ចប្រជុំមួយ (ជាមួយលោក Joe Biden) មុនពេលកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីទាំងពីរ»។
គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធសប្តាហ៍នេះ ស្របពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរ ស្ថិតនៅកម្រិតខ្ពស់បំផុត ជុំវិញបញ្ហាវិវាទជាច្រើន មានចាប់តាំងពី ការវាយប្រហារតាមប្រព័ន្ធពត៌មានវិទ្យា, ការជ្រៀតជ្រែកកិច្ចការបោះឆ្នោត, ការចាប់មេដឹកនាំបក្សប្រឆាំងរុស្ស៉ីដាក់ពន្ធនាគារ និងអ៊ុយក្រែន ជាដើម។ ក្តីរំពឹងអំពីភាពវិជ្ជមានសម្រាប់ជំនួបនេះ គឺមានកម្រិតទាបប៉ុណ្ណោះ ដោយមន្រ្តីរដ្ឋាភិបាលទាំងសងខាង បានលើកឡើងម្តងហើយម្តងទៀតថា មេដឹកនាំទាំងពីរទំនងជាពុំអាចស្វែងរកចំណុចឯកភាពគ្នាបានច្រើននោះទេ៕