(ញូដេលី)៖ រដ្ឋជាច្រើននៅប្រទេសឥណ្ឌា បានបន្តបន្ធូរបន្ថយវិធានការរឹតត្បិត COVID-19 វិញនៅថ្ងៃចន្ទនេះ ក្នុងនោះរួមមានរដ្ឋធានីញូដេលីផងដែរ ស្របពេលដែលអត្រាឆ្លងរាលដាល នៃជំងឺនេះបន្តថយចុះជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញាធរនៅទីក្រុងញូដេលីបានអនុញ្ញាតឲ្យហាង និងផ្សារទំនើបទាំងអស់ អាចបើកដំណើរការឡើងវិញបាន ប៉ុន្តែបារ កន្លែងហាត់ប្រាណ ហាងកែសម្ផស្ស រោងភាពយន្ត និងឧទ្យាននៅតែបន្តបិទដដែល។ ទោះជាយ៉ាងណាក្តី ប្រសិនបើករណីឆ្លង COVID-19 មានការកើនឡើងវិញ នោះអាជ្ញាធរទីក្រុងញូដេលី ក៏នឹងដាក់ចេញវិធានការរឹតត្បិត យ៉ាងតឹងរ៉ឹងសាជាថ្មីផងដែរ។
នៅរដ្ឋ តាមិល ណាឌូ (Tamil Nadu) ភាគខាងត្បូងប្រទេស អាជីវកម្មមួយចំនួន ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ ជាមួយចំនួនបុគ្គលិកបម្រើការ ៥០ភាគរយ។ ដោយឡែគហាងកែសម្ផស្ស និងហាងលក់គ្រឿងស្រវឹង ក៏អាចបើកឡើងវិញបានដែរ ប៉ុន្តែសេវារថយន្តក្រុង នៅតែផ្អាករហូតដល់ថ្ងៃទី២១ ខែមិថុនា។ ចំណែកនៅទីក្រុង បឹងហ្គាលូរុ (Bengaluru) នៃរដ្ឋ កាណាតាកា (Karnataka) ដែលនៅជាប់គ្នា ការធ្វើចរាចរណ៍បានចាប់ផ្តើមឡើងវិញនៅលើដងផ្លូវ ខណៈអាជ្ញាធរបានអនុញ្ញាតឲ្យ មានការបើកឡើងវិញខ្លះៗនូវអាជីវកម្ម ប៉ុន្តែបម្រាមគោចររឹតរ៉ឹងពេលយប់ និងពេលចុងសប្តាហ៍នៅបន្តអនុវត្តដដែល។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៧០,៤២១នាក់ ដែលជាចំនួនទាបបំផុត គិតចាប់តាំងពីចុងខែមីនាកន្លងទៅ។ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនជិត ៤,០០០នាក់។ ទោះអត្រាឆ្លងបានថយចុះខ្លាំង ធៀបនឹងកំលុងពេលធ្ងន់ធ្ងរកាលពីខែឧសភាក៏ដោយ ឥណ្ឌានៅតែបន្តជាប្រទេសលំដាប់លេខពីរលើលោក ដែលមានករណីឆ្លងច្រើនបំផុតគឺ ២៩.៥១លាននាក់ និងស្លាប់ ៣៧៤,៣០៥នាក់។ សម្រាប់ការចាក់វ៉ាក់សាំង ឥណ្ឌាសម្រេចបានខ្ទង់ ២៥៥លានដូស៕