(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យកូរ៉េខាងជើង ឆ្លើយតបទៅនឹងការស្នើឱ្យមានកិច្ចពិភាក្សាជាមួយគ្នា ពីសំណាក់ទីក្រុងសេអ៊ូល មុនពេលប្រារព្ធខួបលើកទី ២១ នៃសេចក្តីប្រកាសរួមថ្ងៃទី១៥ ខែមិថុនា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
លោកស្រី លូ ចុងជូន (Lee Jong-joo) អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងជំរុញឱ្យកូរ៉េខាងជើងងាកមករក សេចក្តីប្រកាសរួមថ្ងៃទី១៥ ខែមិថុនាវិញ និងឆ្លើយតបជាវិជ្ជមានចំពោះការស្នើឱ្យមានកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរ។
លោកស្រី Lee Jong-joo បានគូសបញ្ជាក់ប្រាប់បន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឆ្ពោះទៅមុខនូវដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយបន្តអនុវត្តកិច្ចព្រមព្រៀងអន្តរកូរ៉េ រួមទាំងសេចក្តីប្រកាសរួមផងដែរ។
គួរបញ្ជាក់ថា សេចក្ដីប្រកាសរួមខាងលើនេះ ត្រូវបានប្រកាសក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង (Pyongyang) ប្រទេសកូរ៉េខាងត្បូង កាលពីខែមិថុនា ឆ្នាំ២០០០ រវាងអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង (Kim Dae-jung) និងអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល (Kim Jong II) ដែលជាឪពុករបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន៕