(ម៉ូស្គូ)៖ នៅពេលលោក វ៉្លាឌីមៀ ពូទីន ជួបលោក ចូ បៃដិន ដើម្បីបើកកិច្ចប្រជុំកំពូលនៅថ្ងៃពុធនេះ លោកប្រធានាធិបតីរុស្ស៉ី នឹងមិនព្យាយាមស្វែងរកវឌ្ឍនភាពលើកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធ, ការដកទណ្ឌកម្ម, ឬសូម្បីពាក្យសុំទោសសម្រាប់ការដែលលោកប្រធានាធិបតីអាមេរិក បានហៅរូបលោកថាជា «ឃាតក» កាលពីប៉ុន្មានមុននោះឡើយ ព្រោលលោក ពូទីន ទទួលបាននូវអ្វីដែលលោកចង់បានរួចស្រេចទៅហើយ នោះគឺការរៀបចំកិច្ចប្រជុំកំពូលនេះឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នា២០២១។
ក្រោយចំណាយពេលជាច្រើនថ្ងៃ ជួបជាមួយសម្ពន្ធមិត្តមកពីក្រុមប្រទេស G7, សហភាពអឺរ៉ុប និងអង្គការ NATO លោក បៃដិន នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ក្នុងនាមជាប្រធានាធិបតីអាមេរិក តាមរយៈជំនួបជាមួយលោក ពូទីន នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។
ជំនួបនេះនឹងកើតមានឡើង ស្របពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរ ស្ថិតនៅកម្រិតខ្ពស់បំផុត ជុំវិញបញ្ហាវិវាទជាច្រើន មានចាប់តាំងពី ការវាយប្រហារតាមប្រព័ន្ធពត៌មានវិទ្យា, ការជ្រៀតជ្រែកកិច្ចការបោះឆ្នោត, ការចាប់មេដឹកនាំបក្សប្រឆាំងរុស្ស៉ីដាក់ពន្ធនាគារ និងអ៊ុយក្រែន ជាដើម។ ក្តីរំពឹងអំពីភាពវិជ្ជមានសម្រាប់ជំនួបនេះ គឺមានកម្រិតទាបប៉ុណ្ណោះ ដោយមន្រ្តីរដ្ឋាភិបាលទាំងសងខាង បានលើកឡើងម្តងហើយម្តងទៀតថា មេដឹកនាំទាំងពីរទំនងជាពុំអាចស្វែងរកចំណុចឯកភាពគ្នាបានច្រើននោះទេ។
យ៉ាងណាមិញ បើតាមក្រុមអ្នកវិភាគ សម្រាប់លោក ពូទីន ផ្ទាល់ ការអញ្ជើញរបស់លោក បៃដិន ដើម្បីបើកកិច្ចប្រជុំកំពូល គឺគ្រប់គ្រាន់ហើយ ដោយវាគឺជាសញ្ញាមួយនៃក្តីគោរពចំពោះប្រទេសរុស្ស៉ី ដែលលោក ពូទីន ចង់បានជាខ្លាំង។ កត្តាជំរុញសំខាន់បំផុតមួយ នៃគោលនយោបាយការបរទេសរបស់ លោក ពូទីន គឺស្តារមុខមាត់រុស្ស៉ីឲ្យដូចពីមុននៅលើពិភពលោក ហើយព្រឹត្តិការណ៍ដូចជាជំនួបកំពូលបែបនេះ គឺត្រូវតាមលោក ពូទីន ចង់បានខ្លាំងណាស់។ វាបង្ហាញថា រុស្ស៉ីនៅតែជាតួអង្គសំខាន់ ក្នុងក្រុមមហាអំណាចពិភពលោក។ ដូច្នេះ គ្រាន់តែរៀបចំឲ្យមានកិច្ចប្រជុំកំពូលនេះកើតឡើង គឺគ្រប់គ្រាន់បាត់ទៅហើយសម្រាប់លោកប្រធានាធិបតីរុស្ស៉ី។
គួរបញ្ជាក់ថា លោក បៃចិន កាលពីខែមេសាកន្លងទៅ បានស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ពូទីន បន្ទាប់ពីរុស្ស៉ីបង្កក្តីបារម្ភនៅអឺរ៉ុប តាមរយៈការប្រមូលផ្តុំកម្លាំងទ័ពច្រើនយ៉ាងសម្បើម នៅក្បែរព្រំប្រទល់ជាមួយអ៊ុយក្រែន៕