Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុនជួបមុខគ្នា, លោក ចូ បៃដិន ហៅលោក ពូទីន ថាជនផ្តាច់ការ និងចាត់ទុកផ្ទៃក្នុងរុស្ស៉ីថា ខ្សោយជាងសំបកក្រៅ ​​​​(Video inside)

14-06-2021 13:37

(អង់គ្លេស)៖ នៅមុនជួបមុខគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការស្វាគមន៍ទុកជាមុន ដោយហៅប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថាជាជនផ្តាច់ការ និងថាប្រទេសរុស្ស៉ីធាតុពិត ប្រហែលជាមានភាពទន់ខ្សោយ ជាងការមើលឃើញពីសំបកខាងក្រៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

នៅពេលត្រូវក្រុមអ្នកសារព័ត៌មានសួរថា ហេតុអ្វីប្រធានាធិបតីរុស្ស៉ី លោក ពូទីន ដែលបានដើរតួនាទីជាមេដឹកនាំមានឥទ្ធិពលបំផុត របស់ប្រទេសរុស្ស៉ី ចាប់តាំងតែលោក បូរីស យែលត៍ស៊ីន (Boris Yeltsin) លាលែងពីតំណែងកាលពីឆ្នាំ១៩៩៩មក នៅតែដដែល ទោះមានការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ ពីសំណាក់លោកខាងលិច, លោក បៃដិន បានឆ្លើយថា «លោក វ៉ា្លឌីមៀ ពូទីន... គឺជាបុគ្គលផ្តាច់ការមានអំណាចធំសម្បើម ដោយមិនចាំបាច់ស្តាប់តាម និងផ្តល់ការបកស្រាយអ្វីដល់ប្រជាជនឡើយ»

កាលពីខែមីនាកន្លងទៅ លោក បៃដិន ក៏ធ្លាប់បានហៅលោក ពូទីន ថាជាឃាតកថែមទៀតផង។ យោងតាមលោកប្រធានាធិបតីអាមេរិក រុស្ស៉ីបានប្រព្រឹត្តទង្វើមិនអាចទទួលយកបានជាច្រើន ប៉ុន្តែរុស្ស៉ីកំពុងជួបបញ្ហាផ្ទាល់ខ្លួនដែរ ដូចជាបញ្ហាសេដ្ឋកិច្ច វិបត្តិជំងឺ COVID-19 និងការខំប្រឹងលើសពីសមត្ថភាព នៅតំបន់មជ្ឈិមបូព៌ាជាដើម។

គួរបញ្ជាក់ថា ក្រោយចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO នាថ្ងៃចន្ទនេះ នៅប្រទេស បែលហ្ស៉ិក លោក បៃដិន នឹងជួបមុខគ្នាផ្ទាល់ជាមួយលោក ពូទីន នៅថ្ងៃពុធ ទី១៦ ខែមិថុនា នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ វាត្រូវគេរំពឹងថានឹងជាជំនួបតានតឹងមួយ ក្រោយវិវាទជុំវិញបញ្ហាជាច្រើនដូចជា ការស៉ើបការណ៍សម្ងាត់, ការវាយប្រហារព័ត៌មានវិទ្យា, ការជ្រៀតជ្រែកកិច្ចការបោះឆ្នោត, អ៊ុយក្រែន, បេឡារុស និងសិទ្ធិមនុស្សផងដែរ៕