(ប៉េកាំង)៖ បន្ទាប់ពីសមាជិកសភាជាន់ខ្ពស់អាមេរិកបីនាក់ បានធ្វើដំណើរទៅកាន់ចិនតៃវ៉ាន់តាមរយៈយន្តហោះដឹកជញ្ជូនយោធា ហើយបានអះអាងថានឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ដល់តៃវ៉ាន់ នាពេលថ្មីៗកន្លងទៅនេះ លោក Edward Markey និងលោក Mitt Romney សមាជិកសភាជាន់ខ្ពស់អាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា នឹងបើកសវនាការក្នុងពេលថ្មីៗខាងមុខ ដើម្បីពិគ្រោះពិភាក្សាអំពីការ «បង្កើនទំនាក់ទំនងរវាងអាមេរិកនិងតៃវ៉ាន់» ហើយអំពាវនាវឱ្យឆ្លើយតបនឹងតម្រូវការបន្ថែមរបស់តៃវ៉ាន់ និងចែកចាយវ៉ាក់សាំងឱ្យកងទ័ពតៃវ៉ាន់ជាដើម។

ដើម្បីប្រើប្រាស់តៃវ៉ាន់ឱ្យបានល្អ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានធ្វើសន្យារជាច្រើនលើកជាបន្តបន្ទាប់ ស្តីពីការផ្តល់ជំនួយជាវ៉ាក់សាំងដល់តៃវ៉ាន់ ក្នុងន័យផ្តល់ជំនួយដល់អាជ្ញាធរតៃវ៉ាន់ ដែលត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជន ដោយសារអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូច្នេះធ្វើឱ្យតៃវ៉ាន់សុខចិត្តស្តាប់បទបញ្ជារបស់អាមេរិក ក៏ដូចជារួមសហការជាមួយអាមេរិកដើម្បីអនុវត្តឧបាយកលទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនជុំថ្មីទៀតផងដែរ។ ប៉ុន្តែ រហូតដល់បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន៧៥ម៉ឺនដូសដែលអាមេរិក បានសន្យាថានឹងផ្តល់ឱ្យតៃវ៉ាន់ គ្រាន់តែជាពាក្យសន្យានិយាយតែមាត់ប៉ុណ្ណោះទេ សម្បីតែអាមេរិកពិតជាបានផ្តល់វ៉ាក់សាំងដល់តៃវ៉ាន់ និយាយចំពោះប្រជាជនតៃវ៉ាន់ចំនួន២៣លាននាក់ វ៉ាក់សាំងទាំងនេះក៏មានចំនួនតិចតួចស្តួចស្តើងណាស់ផងដែរ ។

នាពេលបច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅកោះតៃវ៉ាន់ មានភាពកាន់តែអាប់អួរទៅៗ ប៉ុន្តែ អាមេរិកបែរជាបង្ករឿងហេតុដោយចេតនា ចំពោះទំនាក់ទំនងរវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ធ្វើឱ្យបញ្ហាវ៉ាក់សាំងក្លាយជាបញ្ហានយោបាយ និងធ្វើឱ្យប៉ះពាល់ដល់សុខសុភមង្គល និងផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់ជាបន្តបន្ទាប់ ។ នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានចាត់បញ្ជូនយន្តហោះយោធា C-17 ដឹកជញ្ជូនសមាជិកសភាជាន់ខ្ពស់អាមេរិកទៅកាន់តៃវ៉ាន់ ប្រការនេះបានបញ្ជាក់យ៉ាងច្បាសថា អាមេរិកប៉ុនប៉ងឃុបឃិតគ្នាជាមួយអាជ្ញាធរតៃវ៉ាន់ ដើម្បីធ្វើឱ្យតៃវ៉ាន់ឯករាជ្យ ដោយយកការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើជាលេស។

បើប្រៀបធៀបនឹងអាមេរិក បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩នៅកោះតៃវ៉ាន់ មានភាពកាន់តែធ្ងន់ធ្ងរនៅដើមខែឧសភា ចិនដីគោកក៏បានថ្លែងថា រីករាយធ្វើការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយប្រជាជនតៃវ៉ាន់អាចចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗ ។តាមសិ្ថតិមិនគ្រប់គ្រាន់ គិតរហូតដល់ថ្ងៃទី៣១ ខែឧសភា ប្រជាជនតៃវ៉ាន់ដែលបានចាក់វ៉ាក់សាំងនៅចិនដីគោក មានចំនួនឡើងដល់ ៦ម៉ឺន២ពាន់នាក់ ។ វាច្បាស់ណាស់ថា តើអ្នកណាយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ដល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាជនតៃវ៉ាន់? តើអ្នកណាចាត់ទុកសុខសុភមង្គល និងផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់ ជាឧបករណ៍នយោបាយ ?

បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ហើយក៏ជាបញ្ហាដ៏សំខាន់ជាងគេនិងរសើបជាងគេ ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។ ប្រទេសចិនដាច់ខាតមិនអនុញ្ញាតឱ្យមនុស្សណាមួយឬក៏កម្លាំងណាមួយ បំពានខ្សែបន្ទាត់ក្រហមនៃគោលការណ៍ ស្តីពីប្រទេសចិនតែមួយ។ បើសិនជាមនុស្សណាបន្តប្រព្រឹត្តិ ទង្វើដ៏គ្រោះថ្នាក់ជាបន្តទៀត ហើយប៉ុនប៉ងពុះបំបែកតៃវ៉ាន់ចេញពីប្រទេសចិន នោះប្រទេសចិននឹងវាយតបតវិញយ៉ាងដាច់មាត់ ទោះតម្លៃណាក៏ដោយ។ ទាក់ទិននឹងរឿងនេះ សូមដាស់តឿនអាមេរិក កុំមានការវិនិច្ឆ័យខុសឆ្គងណាមួយខាងយុទ្ធសាស្ត្រនោះឡើយ៕