(អង់គ្លេស)៖ មេដឹកនាំក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៣ ខែមិថុនា បានធ្វើការចោទប្រកាន់ទៅលើប្រទេសចិន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង (Xinjiang) រួមទាំងបានអំពាវនាវឱ្យមានការរក្សា ស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង និងបានទាមទារឱ្យមានការស៊ើបអង្កេតពេញលេញ និងហ្មត់ចត់បំផុតអំពីប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

ក្រុមមេដឹកនាំនៃបណ្តាប្រទេស G7 បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា «យើងនឹងលើកកម្ពស់គុណតម្លៃរបស់យើង រួមទាំងការអំពាវនាវឱ្យប្រទេសចិនគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពមូលដ្ឋាន ជាពិសេសទាក់ទងនឹងសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនៅតំបន់ Xinjiang តែម្ដង។ មិនតែប៉ុណ្ណោះ យើងក៏អំពាវនាវឱ្យប្រទេសចិនរក្សា ស្វ័យភាពកម្រិតខ្ពស់សម្រាប់ទីក្រុងហុងកុង ដូចមានចែងនៅក្នុង សេចក្តីប្រកាសរួមចិន-អង់គ្លេសផងដែរ»

មេដឹកនាំក្រុមប្រទេស G7 ក៏បានគូសបញ្ជាក់ទៀតថា «យើងក៏អំពាវនាវឱ្យមានការសិក្សាច្បាស់លាស់ ដែលដឹកនាំដោយអ្នកជំនាញ និងផ្អែកលើវិទ្យាសាស្ត្រ ដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោក (WHO) ក្នុងដំណាក់កាលទី ២ នៃការស៊ើបអង្កេតស្វែងរកប្រភពដើមនៃវីរុស COVID-19 ដូចដែលបានណែនាំដោយរបាយការណ៍របស់អ្នកជំនាញ នៅក្នុងប្រទេសចិនផងដែរ»

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការចោទប្រកាន់ និងអំពាវនាវយ៉ាងកម្រោល ពីសំណាក់ក្រុមប្រទេស G7 ខាងលើនេះនៅឡើយទេ ប៉ុន្តែកាលពីមុនរឿងនេះកើតឡើង មន្ត្រីទូតជាន់ខ្ពស់ចិនបាននិយាយសំដៅទៅកាន់ បណ្តាមេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ថា សម័យកាលដែលប្រទេសមួយចំនួនតូច ជាអ្នកសម្រេចជោគវាសនារបស់ពិភពលោកនោះ គឺបានកន្លងហួសទៅយូរហើយ។

អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បាននិយាយកាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះថា «សម័យដែលការសម្រេចចិត្តរបស់ពិភពលោក ត្រូវបានដឹកមុខដោយប្រទេសមួយក្រុមតូចនោះ គឺកន្លងផុតទៅជាយូរណាស់មកហើយ។ សម្រាប់សម័យឥឡូវ យើងជឿថាប្រទេសនានា មិនថាធំឬតូច ខ្លាំងឬខ្សោយ មានឬក្រ សុទ្ធតែមានឋានៈស្មើៗគ្នា ដូច្នេះហើយកិច្ចពិភពលោក គួរតែត្រូវចាត់ចែងដោះស្រាយ តាមរយៈការប្រឹក្សាយោបល់រវាងគ្រប់ប្រទេសទាំងអស់»